តើ​ក្លឹប Man Utd ខាន​ស្គាល់​រសជាតិ​ឈរ​កំពូល​តារាង PL ​ដូច​ថ្ងៃ​នេះ​ប៉ុន្មាន​ឆ្នាំ​ហើយ?

នៅ​ការ​ប្រកួត​ជុំ​ទី ១៧ ​ក្រុម​បិសាច​ក្រហម Manchester United បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ Burnley ដោយ​លទ្ធផល ១-០។ ការ​យក​បាន ៣ ពិន្ទុ​ក៏​រុញ​ឲ្យ​ឈ្មោះ​ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer ​បាន​រំកិល​ឡើង​មក​ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​តារាង​បណ្តោះ​អាសន្ន។

​បច្ចុប្បន្ន United មាន ៣៦ ពិន្ទុ​នាំ​មុខ ៣ ពិន្ទុ​បើ​ធៀប​នឹង​ក្រុម​ឈរ​លេខ ២ គឺ​ហង្ស​ក្រហម Liverpoool ហើយ​នាំ​មុខ​ដាច់​ដល់ ៧ ពិន្ទុ​បើ​ធៀប​នឹង​ក្រុម​នៅ Top 6 គឺ Man City ដែល​សេសសល់ ២ ប្រកួត​ក្នុង​ដៃ។

ជាមួយ​ស្ថិតិ​ដ៏​ល្អ​ខាង​លើ​នេះ តើ​អ្នក​ដឹង​ទេ​ថា Man Utd ខកខាន​ស្គាល់​រសជាតិ​ឡើង​មក​ឈរ​កំពូល​តារាង Premier League ប៉ុន្មាន​ឆ្នាំ​ហើយ?

ចម្លើយ៖ បើ​និយាយ​ការ​រំកិល​ឈ្មោះ​ឡើង​មក​ឈរ​កំពូល​តារាង ​គឺ United ខកខាន​រយៈ​ពេល​ជាង ៣ ឆ្នាំ​កន្លះ​ហើយ ដោយ​លើក​ចុង​ក្រោយ​បង្អស់​គឺ​នៅ​ពេល United ​ស្មើ ២-២ ទល់​ក្លឹប Stoke City កាល​ពី​ថ្ងៃ​ទី ៨ ​កញ្ញា ឆ្នាំ ២០១៧ ហើយ​កាល​នោះ​បាន​រុញ​ឲ្យ​ពួក​គេ​នាំ​មុខ​ក្រុម Man City ឡើង​ឈរ​កំពូល​តារាង​បណ្ដោះ​អាសន្ន (បញ្ជាក់៖ យើង​មិន​រាប់​លទ្ធផល​នៅ​ប្រកួត​ដំបូង​នៃ​ការ​បើក​រដូវ​កាល​ទេ)។

ប៉ុន្តែ​បើ​ស៊ី​ជម្រៅ​ដល់​កំណត់ត្រា​មួយ​ផ្សេង​ទៀត នោះ​គឺ​ការ​ឡើង​មក​ឈរ​នៅ​កំពូល​តារាង​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​សកល​ ដោយ​ប្រើ​រយៈ​ពេល​ខ្លី​បំផុត សម្រាប់​ក្រុម​នៅ​សម័យ​កាល​របស់​លោក Ole Gunnar Solskjaer គឺ​បាន​យក​ឈ្នះ​ទៅ​លើ​សម័យ​កាល​លោក Sir Alex Ferguson ​បាន​ហើយ។

លើក​ចុង​ក្រោយ​បង្អស់​ដែល Sir Alex បាន​ដឹកនាំ​ក្រុម​ឲ្យ​ឡើង​មក​ឈរ​កំពូល​តារាង ​ក្រោយ​ការ​បើក​ទំព័រ​ឆ្នាំ​ថ្មី គឺ​កាល​នោះ​នៅ​ឆ្នាំ ២០១៣ ដែល United អាច​ធ្វើ​បាន​នៅ​ថ្ងៃ​ទី ១៩ ​ឧសភា​ ប៉ុន្តែ​នៅ​ឆ្នាំ ២០២១ នេះ គឺ​ពួក​គេ​ប្រើ​ពេល​ត្រឹម​តែ​រយៈ​ពេល ១៣ ​ថ្ងៃ​ប៉ុណ្ណោះ៕

ប្រភព៖ TheSun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT