Ferdinand៖ “Diallo អាច​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ដូច​ជំនាន់ United យក​ Ronaldo”

ក្លឹប​បិសាច​ក្រហម Man Utd ទើប​តែ​ប្រកាស​កាល​ពី​ពេល​កន្លង​ទៅ​នេះ ជុំវិញ​ការ​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​ប្រយុទ្ធ​ស្លាប​ថ្មី​មួយ​រូប នោះ​គឺ Amad Diallo ដែល​ជា​កីឡាករ​របស់​ក្លឹប Atalanta ជាមួយ​តម្លៃ​ផ្ទេរ​ប្រមាណ ២១ លាន​អឺរ៉ូ។

យុវជន​វ័យ ១៨ ឆ្នាំ ហាក់​មិន​ទាន់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ទេ ប៉ុន្តែ​តាម​ការ​ជឿជាក់​របស់​លោក Rio Ferdinand បាន​សង្កត់​ធ្ងន់​ថា តាម​មើល​ការ​លេង​របស់​គេ គឺ​គេ​អាច​នឹង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ដូច​កាល United យក​ Ronaldo នៅ​ឆ្នាំ ២០០៣ អ៊ីចឹង។

ប្រាប់​នៅ​លើ​ប៉ុស្តិ៍ Five YouTube លោក Ferdinand និយាយ៖ “យើង [ក្លឹប Man Utd] ទើប​តែ​នាំ​យក​ក្មេង​ប្រុស​មក​ពី Atalanta ហើយ​សង្ឃឹម​ថា​គេ​អាច​នឹង​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​មួយ ប្រសិន​អ្នក​មើល​វីដេអូ​ឃ្លី​របស់​គេ ហើយ​និយាយ​ជាមួយ​មនុស្ស​នៅ​ក្លឹប​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទិញ​យក​គេ គឺ​ប្រាកដ​ជា​លាន់​មាត់​ថា ក្មេង​ប្រុស​ម្នាក់​នេះ​អាច​ក្លាយ​ជា​កីឡាករ​លំដាប់​ពិភព​លោក”។

លោក​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​មិន​ចង់​ដាក់​សម្ពាធ​រឿង Cristiano Ronaldo ទៅ​លើ​គេ​ទេ តែ​គ្មាន​នរណា​ម្នាក់​ដឹង​ទេ ដូច​កាល​សម័យ​ Ronaldo ពេល​យើង​ទិញ​យក​គេ​គឺ​គ្មាន​នរណា​ស្គាល់​ឡើយ ហើយ​ក្មេង​ប្រុស​នេះ​គេ​ស្រដៀង​នឹង​រឿង​ហ្នឹង​អ៊ីចឹង”៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT