សួរនាំ​ឲ្យ​ជ្រើសរើស​រវាង Ronaldo និង Messi ដឹង Ozil ឆ្លើយ​ម៉េច​អត់?

កាល​ពី​ពេល​ថ្មីៗ​នេះ Mesut Ozil បាន​ទទួល​ឆ្លើយតប​នូវ​សំណួរ​ចាក់ដោត ដែល​បាន​ចោទ​សួរ​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​លើ​ប្រព័ន្ធ​ Twitter ហើយ​ក្នុង​ចំណោម​នោះ​ក៏​មាន​ទាំង​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​អនាគត​របស់​ខ្លួន​ជាមួយ Arsenal ក៏​ដូច​ជា​រឿង​រសើប​ខ្លះ​ក្នុង​ពិភព​បាល់ទាត់។

មាន​សំណួរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដែល​អ្នក​គាំទ្រ​បាន​ចោទ​សួរ​ថា៖ “តើ​រវាង Ronaldo និង Messi, Ozil ជ្រើស​យក​មួយ​ណា”។

ចម្លើយ​ចេញ​ពី​គណនី​ផ្លូវការ​របស់​កីឡាករ Arsenal បាន​ឆ្លើយ​បែប​នេះ​ថា៖ “Messi បាន​បង្ហាញ​ឲ្យ​ពួក​យើង​ឃើញ​ហើយ​ថា​ គេ​ជា​កីឡាករ​ល្អ​បំផុត​មួយ​នៅ​លីគ​កំពូល​អេស្ប៉ាញ តែ Ronaldo គេ​តែងតែ​ធ្វើ​បាន​ល្អ​បំផុត​នៅ​គ្រប់​បណ្តា​លីគ​ក្នុង​ប្រទេស​ទាំង​អស់​ដែល​គេ​បាន​ឈរ​ជើង”។ ចម្លើយ​នេះ​មាន​ន័យ​ថា Ozil ​ជ្រើសរើស​យក​តារា​ឆ្នើម​របស់​ក្លឹប Juventus។

គួរ​រំឭក​ថា CR7 ក៏​ទើប​តែ​បាន​តាម​ស្មើ​នូវ​កំណត់ត្រា​អតីត​វីរបុរស​លោក Josef Bican ដែល​រក​បាន​គ្រាប់​បាល់​នៅ​ក្លឹប ៧៥៩ គ្រាប់ ជា​តួ​លេខ​ច្រើន​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ។

ស្រប​ពេល​ដែល M10 ​ក៏​ទើប​តែ​បាន​បំបែក​កំណត់ត្រា​របស់​លោក Pele នាម​កីឡាករ​រក​បាន​គ្រាប់​បាល់​ឲ្យ​ក្លឹប​ទោល​ច្រើន​បំផុត ដែល​ជាមួយ Barcelona កីឡាករ​អាហ្សង់ទីន​ធ្វើ​បាន ៦៤៨ ​គ្រាប់​ហើយ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT