អែម​ណាស់​ខែ​នេះ! ចន្លោះ​ពេល​មួយ​សប្តាហ៍ Man Utd ត្រូវ​ជួប Liverpool ដល់​ទៅ ២ ដង

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Premier League បាន​ឈាន​មក​ដល់​ជុំ​ទី ១៧ ហើយ ដោយ​ជា​លទ្ធផល​យើង​ឃើញ​ថា ក្រុម​ហង្ស​ក្រហម Liverpoool កំពុង​មាន​ពិន្ទុ​ស្មើ​គ្នា​ធៀប​នឹង​ក្រុម​បិសាច​ក្រហម Man Utd។

ជាមួយ​ការ​កើន​ឡើង​នូវ​ទម្រង់​លេង​របស់ United និង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នូវ​ការ​លេង​របស់ Liverpool ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ជក់ចិត្ត​ចង់​តាមដាន ហើយ​កំពុង​ចាត់​ទុក​ក្រុម​ទាំង​ពីរ​ជា​ក្រុម​ខ្លាំង​កំពុងប្រជែងគ្នា​នៅ​លីគ​អង់គ្លេស​។

យ៉ាងណាមិញ​បើ​យើង​ក្រឡេក​ទៅ​មើល​កាលបរិច្ឆេទ​ប្រកួត​សម្រាប់​ខែ​មករា​នេះ​វិញ អាច​ថា​និស្ស័យ​ក៏​បាន ដោយ​រវាង Liverpool និង United ពួក​គេ​ត្រូវ​ជួប​គ្នា​ដល់​ទៅ ២ លើក​ឯ​ណោះ ក្នុង​ចន្លោះ​សប្ដាហ៍​តែ​មួយ។

លើក​ទី ១ គឺ​នៅ​វេលា​ម៉ោង ១១:៣០ នាទី ​ថ្ងៃ​​អាទិត្យ ទី ១៧ ខែ​មករា ដោយ​ Liverpool នឹង​បើក​កីឡដ្ឋាន​ Anfield ស្វាគមន៍​ក្រុម​ភ្ញៀវ Man Utd ដែល​នេះ​ជា​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ Premier League។ រី​ឯ​លើក​ទី ២ គឺ​នៅ​ថ្ងៃ​ទី ២៣ មករា នៅ​ឯ​កីឡដ្ឋាន Old Trafford ដែល United ត្រូវ​ស្វាគមន៍​ហង្ស​ក្រហម​វិញ​ម្តង ប៉ុន្តែ​ជា​ការ​ប្រកួត​នៅ​ពាន​រង្វាន់ FA Cup ជុំ​ទី ៥។

រំឭក​ថា​ប្រវត្តិ​ធ្លាប់​ជួប​គ្នា​រវាង​ក្រុម​ទាំង​ពីរ គឺ​មាន​សរុប ២៣២ លើក ដោយ United ឈ្នះ​ច្រើន​ជាង​ដល់​ទៅ ៨៨ លើក ស្មើ ៦៧ លើក និង​ចាញ់ ៧៧ លើក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT