ខ្សែប្រយុទ្ធលោក Kazuyoshi Miura ដែលជាប់ឈ្មោះជាកីឡាករបាល់ទាត់វ័យចំណាស់បំផុត ថ្មីៗនេះបានសម្រេចបន្តកុងត្រាថ្មីទៀតហើយជាមួយនឹងក្លឹប Yokohama FC នៅលីគកំពូលជប៉ុន J-League។
សុពលភាពកុងត្រារបស់លោកគឺបន្ថែមរហូតដល់ថ្ងៃទី ៣១ មករា ឆ្នាំ ២០២២ ពោលគឺលោកនឹងបន្តឈរជើង ដល់កៀកអាយុ ៥៥ ឆ្នាំឯណោះ។
ថ្លែងប្រាប់ជាមួយការចុះហត្ថលេខាបន្តកុងត្រាថ្មីនេះ លោក Miura និយាយ៖ “កាលពីរដូវកាលមុន ខ្ញុំនៅតែមានអារម្មណ៍រីករាយជាមួយការលេងបាល់ទាត់ បើទោះបីជាស្ថានភាពពេលនោះយើងកំពុងប្រឈមខ្លាំងនូវជំងឺ COVID-19 ជាការពិតណាស់វាមិនមែនជារដូវកាលដ៏គួរឲ្យពេញចិត្តមួយនោះទេ ប៉ុន្តែដោយសារឆន្ទៈនិងសេចក្តីសប្បាយរីករាយរបស់ខ្ញុំជាមួយបាល់ទាត់ វានៅតែមានការកើនឡើង”។
គួររំឭកថា នៅខែមិនា ឆ្នាំ ២០១៧ កន្លងទៅ Miura បានក្លាយជាកីឡាករវ័យចំណាស់បំផុតដែលអាចរកគ្រាប់បាល់ ធ្វើបាននៅអាយុ ៥០ ឆ្នាំ និង ៧ ថ្ងៃ យកឈ្នះកំណត់ត្រាចាស់របស់អតីតកីឡាករអង់គ្លេសលោក Stanley Mattew។ ជាមួយការលេងឲ្យក្លឹប លោកក៏ធ្លាប់ជាអតីតកីឡាករនៅក្លឹប Santos របស់ប្រេស៊ីល និង Genoa របស់អ៊ីតាលី មុនត្រលប់មកចូលរួមជាមួយក្លឹបនៅប្រទេសកំណើត ហើយនៅជម្រើសជាតិលោករកបាន ៥៥ គ្រាប់នៅការបង្ហាញខ្លួន ៨៩ ប្រកួត៕
ប្រភព៖ SI.com