Ozil៖ “ខ្ញុំ​ចង់​លេង​ឲ្យ​រវាង ២ ក្រុម​នេះ មុន​ខ្ញុំ​ចូល​និវត្ត​ពី​បាល់ទាត់”

ខ្សែ​បម្រើ Mesut Ozil កំពុង​ត្រៀម​នឹង​ចាកចេញ​ពី​ក្លឹប បើ​ផ្អែក​តាម​ដំណឹង​ចុង​ក្រោយ ហើយ​ថ្ងៃ​នេះ​សាមី​ខ្លួន​បាន​សារភាព​ចំៗ​ហើយ​ពី​ទ្រនំ​ដែល​អាច​នឹង​ផ្ទេរ​ចេញ​បន្ទាប់​​ពី Arsenal។

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​នៅ​សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា​ឯ​ណោះ ប៉ុន្តែ​តាម​ដឹង​គេ​អាច​នឹង​ដោះស្រាយ​ចប់​សព្វគ្រប់​ជាមួយ​ភាគី​ក្លឹប​កាំភ្លើង​ធំ ហើយ​ចាកចេញ​មុន​អស់​សុពលភាព​កុងត្រា។

ជាមួយ​ទ្រនំ​ថ្មី​នៅ​ពេល​បន្ទាប់ Ozil បង្ហើប​ថា គឺ​មាន​ក្លឹប​នៅ​អាមេរិក​និង​នៅ​ប្រទេស​ទួរគី។ អតីត​កីឡាករ​របស់ Real Madrid និយាយ៖ “មាន ២ ប្រទេស​ដែល​ខ្ញុំ​ចង់​លេង​បាល់ទាត់​មុន​ចូល​និវត្ត គឺ​ទួរគី​និង​អាមេរិក ប្រសិន​នៅ​ទួរគី​គឺ​ខ្ញុំ​នឹង​ទៅ​លេង​ឲ្យ​ក្លឹប Fenerbahce”។

គួរ​រំឭក​ថា Ozil បាន​ចាយ​ពេល​នៅ​ទឹកដី Emirate Stadium ៧ ឆ្នាំ​មក​ហើយ ដោយ​ចន្លោះ​ពេល​នោះ​គេ​រក​បាន ៤៤ គ្រាប់​និង Assist ៧៧ លើក ជាមួយ​ការ​បង្ហាញ​ខ្លួន ២៥៤ ប្រកួត៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT