Gerrard ​ប្រាប់​មូលហេតុ​ជ្រើសរើស​ឈ្មោះ Messi តែ​គ្មាន Ronaldo នៅ​ឈុត ៥ នាក់​ល្អ​បំផុត

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ហង្ស​ក្រហម Liverpool ​គឺ​លោក Steven Gerrard ​បាន​ទម្លាយ​ពី​ឈុត ៥ រូប​ល្អ​បំផុត​ក្នុង​ក្តី​ស្រមៃ​របស់​លោក (Five-a-side Team) ហើយ​ក្នុង​នោះ​មាន​ឈ្មោះ​ Lionel Messi តែ​មិន​មាន​ឈ្មោះ​គូ​ប្រជែង Cristiano Ronaldo ទេ។

ហេតុផល​គឺ​ដោយសារ Gerrard គិត​ថា CR7 ​លេង​ជា​លក្ខណៈ​បុគ្គល ច្រើន​ជាង​ការ​លេង​ជា​ក្រុម ទើប​លោក​ជ្រើស​យក Messi។

ប្រាប់​នៅ​កម្មវិធី The Greatest Game ជាមួយ​លោក Jamie Carragher បុរស​សញ្ជាតិ​អង់គ្លេស​បាន​ជ្រើសរើស​អ្នកចាំទី Buffon ខ្សែ​ការពារ​ Paolo Maldini ​ដែល​នៅ​តំបន់​ការពារ​ខាង​ក្រោម ហើយ​អ្នក​ប្រយុទ្ធ​ខាង​លើ ៣ មាន Zidane, Ronaldinho និង Messi។

សម្រង់​សម្តី​របស់ Gerrard និយាយ៖ “គឺ​មាន​កីឡាករ ២ រូប​ដែល​ស្ថិត​នៅ​កម្រិត​ដ៏​ខ្ពស់​ជាង​នរណា​ទាំង​អស់ នោះ​គឺ Messi និង Ronaldo តែ​សម្រាប់ Ronaldo ពុំ​មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម​របស់​ខ្ញុំ​ទេ ដោយ​ខ្ញុំ​ជ្រើសរើស​កីឡាករ​ដែល​លេង​ជា​ក្រុម​ច្រើន​ជាង​ការ​លេង​ជា​បុគ្គល”៕ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT