ច្បាស់​ការ! មេ​ធំ Lyon ថា Dembele គេ​ចរចា​ត្រូវរ៉ូវ​ជាមួយ​ក្លឹប​នៅ​អេស្ប៉ាញ​ហើយ

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ Celtic និង Fulham គឺ Moussa Dembele ត្រូវ​បាន​ក្លឹប​អាណាព្យាបាល​បច្ចុប្បន្ន Lyon បញ្ជាក់​ច្បាស់ការ​ហើយ​ថា គេ​កំពុង​ស្ថិត​ក្រោម​ការ​ចរចា​គ្រោង​ផ្ទេរ​ទៅ​ក្លឹប​ថ្មី Atletico Madrid។

ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​ទំនង​ជា​ចង់​បាន Dembele សម្រាប់​ជំនួស​តំណែង Diego Costa ដែល​គេ​បាន​ចាកចេញ ជាមួយ​ការ​បញ្ចប់​កុងត្រា​មុន​អស់​សុពលភាព។

តាម​ការ​ឲ្យ​ដឹង​ពី​នាយក​ផ្នែក​កីឡា​របស់​ក្លឹប Lyon គឺ​លោក Juninho បាន​និយាយ​ប្រាប់ Telefoot ថា៖ “Mousa គេ​បាន​មក​ជួប​ខ្ញុំ ហើយ​គេ​គិត​ថា​ដល់​ពេល​ដែល​ត្រូវ​ប្តូរ​ក្រុម​ហើយ ដោយ​តាម​ពិត​ទៅ​ខ្ញុំ​ចូលចិត្ត​គេ​ខ្លាំង​ណាស់ តែ​ការ​ដែល​រក្សា​ទុក​មនុស្ស​ម្នាក់​ដែល​មិន​ចង់​នៅ​ជាមួយ​ពួក​យើង​រយៈ​ពេល ៥ ខែ​បន្ទាប់ គឺ​មិន​មាន​ជា​ជម្រើស​ល្អ​ឡើយ”។

លោក​បន្ថែម​ទៀត​ថា៖ “យើង​កំពុង​ស្ថិត​ក្នុង​ការ​ជជែក​ជាមួយ​ក្លឹប Atletico ហើយ​ខ្ញុំ​គិត​ថា Moussa គេ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​ភាគី​ខាង​ក្លឹប Atletico ហើយ”។

គួរ​រំឭក​ថា ខ្សែ​ប្រយុទ្ធ​វ័យ ២៤ ឆ្នាំ​បច្ចុប្បន្ន​គេ​កំពុង​ជួប​បញ្ហា​របួស​និង​ខកខាន​បង្ហាញ​ខ្លួន​ឲ្យ Lyon ប៉ុន្មាន​សប្ដាហ៍​មក​ហើយ។ បើ​តាម​ហាងឆេង​ថ្លៃ​ខ្លួន​បច្ចុប្បន្ន Atletico ទំនង​ជា​ត្រូវ​ចាយ​ខ្ទង់ ៣០ លាន​អឺរ៉ូ​សម្រាប់​កីឡាករ​បារាំង​រូប​នេះ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT