អ្នកចាត់ការ Barcelona៖ “ការ​នាំ​យក​កីឡាករ​ថ្មី​នៅ​ខែ​មករា​ពិត​ជា​ចាំ​បាច់ បើ​អាច​ធ្វើ​ទៅ​បាន”

អ្នកចាត់ការ​ក្លឹប Barcelona លោក Ronald Koeman បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ក្លឹប​អាច​មាន​លទ្ធភាព​នាំ​យក​កីឡាករ​ថ្មី​ចូល​ក្រុម​នៅ​ពាក់​កណ្តាល​រដូវ​កាល ក្នុង​កំឡុង​ទីផ្សារ​ដោះដូរ​នា​ខែ មករា ឆ្នាំ ២០២១។

ស្រប​ពេល​ដែល​កីឡាករ​ជា​ច្រើន​រង​បញ្ហា​របួស តួ​យ៉ាង​មាន​ដូច​ជា Ansu Fati, Gerard Pique និង Philippe Coutinho ហើយ Carles Alena ​ត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ​ទៅ​ចូលរួម​នៅ Getafe ទៀត​នោះ ក៏​វា​បង្កើត​ជា​បញ្ហា​មួយ​សម្រាប់ Koeman ក្នុង​ការ​ដោះស្រាយ​ប្រព័ន្ធ​លេង​នៅ​ពេល​បច្ចុប្បន្ន។ ជា​ពិសេស​គឺ​នៅ​តំបន់​ប្រយុទ្ធ ដែល​ខ្វះ​ខាត​អ្នក​បញ្ចប់​ទី​ដ៏​ល្អ​មួយ​ជា​ចាំ​បាច់ ​ក្រោយ​ពី​បាត់បង់ Luis Suarez។

ប្រាប់​សារព័ត៌មាន​កន្លង​ទៅ​នេះ Koeman មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​យល់​ពី​ស្ថានភាព​របស់​ក្លឹប តែ​វា​ក៏​សំខាន់​សម្រាប់​អនាគត​រយៈ​ពេល​ខ្លី​របស់​យើង​ដែរ ដោយ​យើង​ចង់​ពង្រឹង​ក្រុម ​ប៉ុន្តែ​បើ​វា​មិន​អាច​ធ្វើ​ទៅ​បាន ក៏​យើង​មាន​តែ​រង់ចាំ​ដល់​ទីផ្សារ​ដោះដូរ​លើក​ក្រោយ​ទៀត”។

បញ្ជាក់​ថា ក្រៅ​ពី Alena កីឡាករ​មួយ​រូប​ផ្សេង​ទៀត​របស់ Barcelona គឺ Ilaix Moriba ក៏​នឹង​ចាកចេញ​ដូច​គ្នា​នៅ​ពេល​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកចាត់ការ​សញ្ជាតិ​ហូឡង់​ខាង​លើ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT