ការប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ នឹងរៀបចំថ្ងៃទី១៤-១៩ ខែមករា ឆ្នាំ២០២១

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រកាសជូនដំណឹងស្តីពីការរៀបចំការប្រកួតកីឡា កាយសម្ព័ន្ធ ជ្រើសរើសជើឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៤ ប្រចាំឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានគូសបញ្ជាក់នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះថា ព្រឹត្តិការណ៍ប្រកួតដ៏ធំប្រចាំឆ្នាំមួយនេះត្រូវបានធ្វើឡើងវិញ ក្រោយពីមានការពន្យាពេលដោយសារចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីស្នើសុំអនុញ្ញាតគោលការណ៍ និងកាលបរិច្ឆេទរៀបចំការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៤ ប្រចាំឆ្នាំ២០២០ និងយោងលិខិតចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការពន្លឿនការអភិវឌ្ឍន៍សហព័ន្ធកីឡាជាតិ។

លោកអគ្គលេខាធិការបន្ថែមថា ដោយអនុវត្តតាមកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាកាយសម្ព័ន្ធ នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ និងពានរង្វាន់ ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៤ ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមប្រចាំឆ្នាំ និងជាលទ្ធផលជ្រើសរើសសម្រាប់ការប្រមូលផ្ដុំឆ្នាំ២០២១ ជាមួយនិងការត្រៀមលក្ខណៈទៅហ្វឹកហាត់នៅសាធារណៈរដ្ឋប្រជាមានិតចិនឆ្នាំ២០២១នាពេលខាងមុខ ក៏ដូចជាការត្រៀមចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានាផងដែរ។

ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតរួមមាន៖ ផ្នែកកាយសម្ព័ន្ធអាទិស្ទីក-បុរស (Men Artistic Gymnastics) មានចំនួន៨វិញ្ញាសា និងផ្នែកកាយសម្ព័ន្ធអាអេរ៉ូប៊ិកបុរស-នារី មានចំនួន៥វិញ្ញាសា ខណៈលក្ខខណ្ឌនៃការចូលរួមប្រកួត គឺគ្រប់សមាសភាពកីឡាករ កីឡាការិនីទាំងអស់ត្រូវតែស្ថិតនៅក្នុងសមាគម ក្លឹប ដែលទទួលស្គាល់ដោយសហព័ន្ធ មិនកំណត់អាយុ និងមានកាយសម្បទាមាំមួន។ ការទទួលពាក្យចូលរួមប្រកួតនៅតែបន្តទទួលរហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ ហើយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នឹងមានការប្រជុំថ្នាក់ដឹកនាំ និងចាប់ឆ្នោត។ នៅក្នុងរយៈពេល៦ថ្ងៃនៃការប្រកួត សហព័ន្ធទទួលរ៉ាប់រងលើអាហារសម្រាប់មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី ផងដែរ៕

រូបភាពឯកសារ ឆ្នាំ២០១៩

អត្ថបទ៖ CAMSOC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT