Ole បញ្ជាក់​ច្បាស់ កីឡាករ ២ រូប​នេះ នឹង​មិន​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Man Utd ទេ

អ្នកចាត់ការ​ក្លឹប​បិសាច​ក្រហម លោក Ole Gunnar Solskjaer បាន​ទម្លាយ​ជា​ផ្លូវការ​នូវ​ព័ត៌មាន​ត្រៀម​ចាកចេញ​របស់​កីឡាករ ២ រូប រួម​មាន Marcos Rojo និង Sergio Romero ដែល​កីឡាករ​អាហ្សង់ទីន​ទាំង​ពីរ​រូប​នេះ នឹង​ត្រូវ​ចាកចេញ​នៅ​ពេល​ខាង​មុខ ក្រោយ​សម្រេច​មិនមាន​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប។

សុពលភាព​កុងត្រា​របស់​ពួក​គេ គឺ​ត្រូវ​ផុត​កំណត់​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២១ ហើយ​តាម​ដំណឹង​ចុង​ក្រោយ​សម្រាប់​អ្នកចាំទី Romero អាច​នឹង​ត្រូវ​ផ្ទេរ​ទៅ​ក្លឹប​ Boca Junior។

យ៉ាងណាមិញ​តាម​ការ​បកស្រាយ​របស់​លោក Ole បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ថា៖ “អ្នក​ទាំង​ពីរ [Rojo/Romero] គឺ​មាន​សុពលភាព​កុងត្រា​ដល់​រដូវ​ក្តៅ តែ​ពួក​គេ​នឹង​មិនមាន​ការ​បន្ត​កុងត្រា​ថ្មី​នោះ​ទេ”។

លោក​បន្ថែម​ទៀត​ថា៖ “យើង​កំពុង​អនុញ្ញាត​ឲ្យ​ពួក​គេ​ស្វែងរក​ក្លឹប​ថ្មី ហើយ​កន្លង​ទៅ Marcos គេ​ត្រូវ​បាន​ក្លឹប​ផ្តល់​ពេលវេលា​ឲ្យ​ត្រលប់​ទៅ​ប្រទេស​កំណើត អ៊ីចឹង​ពេល​គេ​ត្រលប់​មក​វិញ​ក៏​ត្រូវ​ធ្វើ​ចត្តាឡឺស័ក​មុន​នឹង​បាន​ចូលរួម​ការ​ប្រកួត​ណា​មួយ ដោយ​សម្រាប់​អ្នក​ទាំង​ពីរ​គឺ​មាន​វិជ្ជាជីវៈ​គ្រប់គ្រាន់ ខិតខំ​ប្រឹងប្រែង ហើយ​ប្រសិន​មាន​ការ​ស្នើ​ចង់​បាន​ណា​មួយ​ពី​ក្លឹប​ដទៃ គឺ​យើង​ត្រៀម​ខ្លួន​រួចរាល់​ហើយ”៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT