រកឃើញម្ចាស់​ជយលាភជើងឯកថ្នាក់ជាតិកីឡាអុកចត្រង្គហើយ

កីឡាករ សុខ លឹមហេង ដណ្តើមបានចំណាត់ថ្នាក់លេខ១ពីការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បន្ទាប់ពីបានយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករជើងខ្លាំង និងជាអតីតស្តេចអុក ឈាវ បូរ៉ា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅក្លិបសេះខៀវ រាជធានីភ្នំពេញ។

កីឡាករអុកចត្រង្គ សុខ លឹមហេង​ ក៏ជាម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រកួតនានា នាពេលកន្លងមកដែរ ហើយនៅក្នុងជើងឯកថ្នាក់ជាតិ ដែលបានបិទបញ្ចប់ដោយជោគជ័យកាលពីម្សិលមិញ យុវជនដ៏លេចធ្លោរូបនេះបានបង្ហាញនូវភាពខ្លាំងរបស់ខ្លួនដោយឆ្លងកាត់១៥ប្រកួត សរុប១២ពិន្ទុ ដណ្តើមបានលេខ១ ខណៈគូប្រជែងដ៏សំខាន់នៅវគ្គផ្តាច់ព្រ័ត្រ កីឡាករ ឈាវ បូរ៉ា ឆ្លងកាត់១៥ប្រកួតដូចគ្នា ដោយមានត្រឹម១០.៥ពិន្ទុ។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ យ៉ានសុខលាង និងលេខ៤ កីឡាករ ទេស សារ៉ាឌី ស្របពេលដែលកីឡាករខ្លាំងៗចំនួន ១២នាក់ផ្សេងទៀតក៏ត្រូវបានបង្ហាញនៅក្នុងចំណាត់ថ្នាក់ជាបន្តបន្ទាប់ ដែលកីឡាករទាំង១៦នេះត្រូវបានសម្រិតសម្រាំង ចេញពីការប្រកួតក្នុងចំណោមបេក្ខជនចំនួន៦៤នាក់។

នៅឆ្នាំ២០២៣ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ដែលនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។ CAMSOC បានកំណត់ប្រភេទកីឡា ដែលត្រូវដាក់បញ្ចូលលក្នុងការប្រកួតកីឡាហ្គេម លើកទី៣២ ដោយបែងចែកជាបីប្រភេទ គឺ ១-ប្រភេទកីឡាកីឡាមានសក្តានុពលខ្ពស់ និងមានប្រជាប្រិយភាព ដែលមានចំនួន១៧ប្រភេទកីឡា។

២-ប្រភេទកីឡា ដែលមានសក្តានុពលមធ្យម មានចំនួន១៥ប្រភេទ។ ៣-ប្រភេទកីឡា ដែលត្រៀមនឹងដាក់បញ្ចូលមានសក្តានុពលទាបមានចំនួន១៣ប្រភេទកីឡា។ រីឯប្រភេទកីឡា អុកចត្រង្គនេះក៏ត្រូវបាន CAMSOC បានជ្រើសរើសដាក់បញ្ចូលទៅក្នុងប្រភេទកីឡាសក្តានុពលខ្ពស់ ក្នុងការដណ្តើម មេដាយជូនជាតិ។ តួនាទីរបស់សហព័ន្ធ មន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេស និងកីឡាករទាំងអស់ត្រូវចូលរួមក្នុងការប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដោយកំពុងដើរតួយ៉ាងសំខាន់ ក្នុងការបញ្ចេញសមត្ថភាព និងសម្រេចតាមចក្ខុវិស័យ របស់ CAMSOC, សហព័ន្ធផ្ទាល់ផង និងប្រជាជនកម្ពុជាទូទាំងប្រទេសផង ដែលកំពុងទន្ទឹងរង់ចាំនូវលទ្ធផលផលដ៏ល្អនេះ។

អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡារូបនេះបានលើកឡើងនូវការអនុវត្តតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងយុទ្ធសាស្ត្រកំណែទម្រង់អនុវិស័យអប់រំកាយ និងកីឡា ដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ថវិកាគាំទ្រប្រចាំឆ្នាំដល់សហព័ន្ធកីឡាជាតិនានា ក្នុងកិច្ចការរដ្ឋបាល ការបណ្តុះបណ្តាល និងការប្រកួត។ នៅក្នុងឆ្នាំ២០២០ ក្រសួងអប់រំបានផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិចំនួន៤២ សរុបថវិកាចំនួន ៣.១០០.លានរៀល ក្នុងនោះសហព័ន្ធកីឡាអុកចត្រង្គទទួលបាន ៦០លានរៀលសម្រាប់ជំនួយដល់ដំណើរការអភិវឌ្ឍនៃវិស័យកីឡាមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT