សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រកាសពីកាលបរិច្ឆេទនៃការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដោយគ្រោងនឹងរៀបចំឡើងវិញនាថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅទីលានសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាបញ្ជាក់នៅថ្ងៃ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធទី០៦ ខែមករា ឆ្នាំ២០២១នេះថា បន្ទាប់ពីប្រកាសពន្យារពេល ក្រោយផ្ទុះនូវព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ឥឡូវនេះសហព័ន្ធគ្រោងនឹងរៀបចំការប្រកួតឡើងវិញ ដោយការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០ គឺមានសមាគម-ក្លិបចំនួន១៥ចុះឈ្មោះចូលរួម ដែលមានប្រតិភូ និងកីឡាករ-កីឡាការិនីសរុប ១៨២នាក់។ ចំពោះវិញ្ញាសាប្រកួតគឺមាន៧វិញ្ញាសា ដូចជាវិញ្ញាសាវាយគូ និងវាយទោលបុរសអាយុ១៩ឆ្នាំឡើង, វិញ្ញាសាវាយគូ និងវាយទោលបុរសអាយុក្រោម១៨ឆ្នាំ, វិញ្ញាសាវាយគូនារីមិនគិតអាយុ, វិញ្ញាសាវាយទោលនារីអាយុក្រោម ១៨ឆ្នាំ និងវិញ្ញាសាវាយគូចម្រុះ។
ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០នេះ បានគ្រោងប្រកួតកាលពីដើមខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែក្រោយពីផ្ទុះនូវព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដើម្បីចូលរួមបង្ការជំងឺកូវីដ–១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា សហព័ន្ធកីឡាវាយសីកម្ពុជាក៏សម្រេចពន្យារពេលរហូតដល់រាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់ដោយជោគជ័យ នូវព្រឹត្តិការណ៍រីករាលដាលក្នុងសហគមន៍ជាលើកដំបូងនេះ៕