ការប្រកួតកីឡាសីដក់ជើងឯកថ្នាក់ជាតិធ្វើនៅខែមករានេះ

សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបានប្រកាសជូនដំណឹងស្តីពីការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលនឹងធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី០៩ខែមករា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបញ្ជាក់ នៅថ្ងៃ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១នេះថា ការប្រកួតកីឡាសីដក់ជើងឯកថ្នាក់ជាតិនេះមាន៣វិញ្ញាសា គឺវិញ្ញាសា ៣នាក់ទល់៣នាក់បុរស, ២នាក់ទល់២នាក់បុរស និងវិញ្ញាសានារី ២នាក់ទល់២នាក់ ក្រោមការសហការ និងទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។ ការទទួលពាក្យចូលរួមប្រកួតត្រូវបញ្ចប់នៅល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ ហើយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នឹងប្រជុំចាប់ឆ្នោតបែងចែកការប្រកួត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

អគ្គលេខាធិការស្តីទីរូបនេះបន្ថែមថា មកដល់ថ្ងៃនេះ ការចុះឈ្មោះចូលរួមប្រកួតមានកីឡាករ កីឡាការិនីចំនួន៧ក្រុម មកពី៧ក្លិប ប៉ុន្តែការចុះឈ្មោះនៅតែបន្ត១ពេលទៀត ។ ប៉ុន្តែទោះយ៉ាងនេះក៏ការប្រកួតជើងឯកថ្នាក់ជាតិនេះមិនបើកទូលាយពេកទេ ដោយកំណត់យ៉ាងច្រើនត្រឹម ៨ក្រុមប៉ុណ្ណោះ ដោយសារតែចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។ ដូច្នេះសហព័ន្ធមានគោលដៅកាត់បន្ថយក្រុមចូលរួម ដោយជ្រើសរើសយកក្រុមខ្លាំងៗប្រកបដោយគុណភាពខ្ពស់ចូលរួមប្រកួតប៉ុណ្ណោះ។

នៅក្នុងការប្រកួតនេះភាគច្រើនគឺជាក្រុមជម្រើសជាតិចូលរួមប្រកួតប្រជែង ក៏ដូចជាបង្កើនគុណភាពរបស់ខ្លួន ត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ សម្រាប់ក្រុមជម្រើសជាតិ ត្រៀមស៊ីហ្គេម នៅប្រទេសវៀតណាម ក៏ត្រូវពិនិត្យមើលលើការប្រកួតជើងឯកថ្នាក់ជាតិមួយនេះសិនដែរ ដើម្បីកីឡាករកីឡាការិនីដែលមានគុណផលបច្ចេកទេសខ្ពស់ៗ។

សីដក់កម្ពុជា គឺជាប្រភេទកីឡាសក្តានុពលមួយ នៅក្នុងចំណោមប្រភេទកីឡាសក្តានុពលផ្សេងទៀត ដែលធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិ នៅក្នុងស៊ីហ្គេម នាពេលកន្លងមក ជាពិសេសនៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ៊្វីលីពីន ឆ្នាំ២០២១៩ ប្រភេទកីឡាសីដក់កម្ពុជាដណ្តើមបានមេដាយប្រាក់១ លើវិញ្ញាសាទាត់សីចូលកន្រ្តក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT