គ្រូបង្គោលក្លឹបបាល់ទាត់ណាហ្គាវើលដ៍ លោក មាស ចាន់ណាថាសម្រាប់ការ ត្រៀមរដូវកាលថ្មី ២០២១ ដែលគ្រោងនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ណាហ្គាវើលដ៍បាននាំចូលកីឡាករខ្មែរ និងបរទេស ដើម្បីពង្រឹងគុណភាព ឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត។
គ្រូបង្គោលរូបនេះបន្ថែមទៀតថា ដើម្បីពង្រឹងគុណភាពឱ្យកាន់តែប្រសើរក្នុងការឈរ ជើងក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ក្លឹបណាហ្គាវើលដ៍បាននាំចូលនាយកបច្ចេកទេសថ្មីម្នាក់ គឺលោក Jose Alves Borges ដែលមានបទពិសោធន៍ជាង២៤ ឆ្នាំក្នុងការបង្វឹកនៅប្រទេស ប្រេស៊ីល និងបណ្តាប្រទេសមួយចំនួនក្នុងអាស៊ី។ ក្រៅពីនេះ គឺក្លឹបបាន នាំចូលកីឡាករ ថ្មីចំនួន៥នាក់ ដោយ៣នាក់មកពីក្លឹបព្រះខ័នស្វាយរៀង និង២នាក់មកពីអង្គរ ថាយហ្គឺ នឹងគ្រោងនាំចូលកីឡាករបរទេសចំនួន៣នាក់បន្ថែម ដែលកំពុងពិចារណាថាតើកីឡាករណា ខ្លះអាចមានគុណភាពខ្ពស់សម្រាប់ជួយដល់ក្រុម។
លោក មាស ចាន់ណា បានបង្ហើបឱ្យដឹងថា អ្វីដែលពិសេសសម្រាប់ត្រៀមរដូវកាលថ្មី ២០២១នេះ នឹងមានការហ្វឹកហាត់ក្នុងទម្រង់ដ៏ល្អមួយ ការរៀបចំទម្រង់លេងរបៀបថ្មីប្លែក មួយផងដែរ។ គ្រូបង្គោល ដែលមានអាជ្ញាប័ណ្ឌកម្រិតទ្វីបអាស៊ី (AFC A License) រូបនេះបាន មើលឃើញអំពីការប្រកួតប្រជែងកាន់តែខ្លាំងក្លាសម្រាប់លីគកំពូលកម្ពុជា និងពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ជាពិសេសគឺចាប់ពីរដូវកាល ២០២១ ដែលអ្នកគំាទ្របាល់ទាត់ កម្ពុជាទាំងអស់នឹងអាចមើលឃើញពីការប្រកួតគ្រប់ក្រុមទាំងអស់ កាន់តែមានភាពស្វិតស្វាញ ដោយសារក្លឹបនានាកំពុងតែខិតខំ ពង្រឹងគុណភាពគ្រូបង្វឹក កីឡាករ ក៏ដូចជាការចំណាយ ថវិកាបន្ថែមលើសពីគម្រោងចំណាយថវិកាឆ្នាំមុនៗទៀតផង៕