ការប្រណាំងកង់ និងទិវារត់ប្រណាំងអង្គរគ្រោងធ្វើចុងខែមករា ២០២១នេះ

ការប្រកួតកីឡាប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ និងទិវាពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរគ្រោងនឹងរៀបចំឡើងវិញ នាថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះបន្ទាប់ពីលើកពេលជាច្រើនលើក ដោយសារវិបត្តិជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០២០ កន្លងមក។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបញ្ជាក់នៅថ្ងៃ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២០នេះថា ការប្រកួតកីឡាប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ គ្រោងនឹងរៀបចំឡើងវិញ នាថ្ងៃទី២៣មករា ឆ្នាំ២០២១ នៅខេត្តសៀមរាប មុន១ថ្ងៃនៃទិវារត់ប្រណាំងអន្តរជាតិពាក់ កណ្តាលម៉ារ៉ាតុងអង្គរ ដែលគ្រោងនឹងរៀបចំខួបលើកទី២៥ឆ្នាំ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយទិវាកីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំរបស់កម្ពុជាមួយនេះធ្លាប់ទាក់ទាញបានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិជាង១ម៉ឺននាក់ កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។

ទិវរត់ប្រណាំងអន្តរជាតិអង្គរនេះគឺជាព្រឹត្តិការណ៍កីឡាមានគោលបំណងធំ ក្នុងការបំផុសស្មារតីប្រជាជនឱ្យចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងស្វែងរកថវិកាសប្បុ រសធម៌ ដែលបានបរិច្ចាគថវិកាជាង ១០ម៉ឺនដុល្លារអាម៉េរិកទៅដល់មន្ទីរពេទ្យ អង្គការសង្គម នានា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគូសបញ្ជាក់ថា ទោះបីជាទិវាពាក់កណ្តាលម៉ារ៉ាតុងនេះល្បីល្បាញខ្លាំងនិងស្រូបទាញអ្នករត់បានច្រើនជាង១ម៉ឺននាក់ក៏ដោយ ក៏ការរៀបចំឡើងវិញ នាចុងខែមករា ឆ្នាំ២០២១នេះ មិនទាន់អាចរៀបចំឱ្យអ្នកចូលរួមមកពីក្រៅប្រទេសបាននៅឡើយ ដោយបើកទូលាយត្រឹមតែអ្នករត់ក្នុងស្រុកប៉ុណ្ណោះ ជាពិសេសគឺការរៀបចំនឹងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវិធានការសុខាភិបាល ដើម្បីការពារពីការរីករាលដាលនៃជំងឺកូវីដ-១៩៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT