ទើប​ឡើង​កាន់​តំណែង​ថ្មីថ្មោង​នៅ PSG តើ​លោក Pochettino ​មួយ​ខែៗ​បាន​លុយ​ចូល​ហោប៉ៅ​ប៉ុន្មាន?

អ្នកចាត់ការ​លោក Mauricio Pochettino បាន​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​ជាមួយ​ក្លឹប Paris Saint-Germain កាល​ពី​ថ្ងៃ​ទី ២ មករា ឆ្នាំ ២០២១ កន្លង​ទៅ ហើយ​កុងត្រា​របស់​លោក​មាន​សុពលភាព​ផុត​កំណត់​ដល់​ថ្ងៃ​ទី​ ៣០ ​មិថុនា ឆ្នាំ ២០២២។

ជាមួយ​តំណែង​ថ្មីថ្មោង​នៅ​ក្លឹប​សេដ្ឋី​ក្នុង​ប្រទេស​បារាំង​មួយ​នេះ តើ​អ្នក​ដឹង​ទេ​ថា គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន​អាច​ទទួល​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន​ក្នុង​មួយ​ខែ?

លើ​កុងត្រា​រយៈ​ពេល ១៨ ខែ សម្រាប់ Pochettino គឺ​អាច​កើប​បាន​ថ្លៃ​ឈ្នួល​ជាង ៥៨៣ ០០០ អឺរ៉ូ ឬ​ជាង ៧១៣ ៩០០ ដុល្លារ/ខែ ហើយ​បើ​គិត​ជា​ឆ្នាំ​លោក​ទទួល​បាន​ខ្ទង់ ៧ លាន​អឺរ៉ូ។ ទំហំ​ថ្លៃ​ពលកម្ម​នេះ​គឺ​ទាប​ជាង​បន្តិច​បើ​ធៀប​នឹង​គ្រូ​ចាស់​លោក Thomas Tuchel ដែល​ទទួល​បាន ៦២៥ ០០០ អឺរ៉ូ/ខែ ហើយ ៧,៥ លាន​អឺរ៉ូ/ឆ្នាំ។

ដោយ​ឡែក​បើ​ធៀប​នឹង​បញ្ជី​ឈ្មោះ​អ្នកចាត់ការ​ ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​ក្នុង​លោក គឺ​ពុំ​មាន​ឈ្មោះ Pochettino ស្ថិត​ក្នុង​បញ្ជី​ Top 10 ឡើយ។ ខណៈ​ដែល​អ្នកចាត់ការ​ឈរ​លេខ​រៀង​ទី ១០ គឺ​លោក Hansi Flick ក៏​ដូច​ជា​លោក Carlo Ancelotti ទទួល​បាន ៨ លាន​អឺរ៉ូ/ឆ្នាំ ហើយ​អ្នក​ឈរ​ចំណាត់ថ្នាក់​កំពូល​គឺ​លោក Pep Guardiola របស់​ក្លឹប Manchester City រក​បាន ២៣ លាន​អឺរ៉ូ/ឆ្នាំ​ឯ​ណោះ៕

ប្រភព៖ SportBible

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT