• Chelsea កំពុង​ពិចារណា​ដក​ចោល​តំណែង​ Lampard ក្រោយ​ក្រុម​ធ្លាក់​កូដ​ខ្លាំង

    ក្លឹប​តោ​ខៀវ Chelsea ​ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​គិតគូរ​ដល់​ការ​ដក​តំណែង​លោក Frank Lampard ពី​គ្រូ​បង្គោល​របស់​ក្លឹប​ហើយ ក្រោយ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ទម្រង់​លេង​ហាក់​ធ្លាក់​ចុះ​ខ្លាំង​និង​មិន​ទាន់​អាច​ស្រោចស្រង់​រួច។ នេះ​បើ​តាម​របាយការណ៍​ពី The Athletic បាន​ចុះ​ផ្សាយ។

    កៅអី​នាម​អ្នកចាត់ការ​របស់​បុរស​សញ្ជាតិ​អង់គ្លេស កំពុង​មាន​ភាព​ក្តៅ​គគុក​ខ្លាំង ពោល​គឺ​ក្រោយ​ពី​បរាជ័យ ៣-១ ក្រោម​ថ្វី​ជើង​របស់​ក្រុម​មេឃ​ខៀវ Manchester City ​កាល​ពី​យប់​មិញ។ មួយ​ផ្សេង​ទៀត​គឺ​ក្លឹប​សោកស្តាយ​ចំពោះ​ខ្ទង់​ចំណាយ​ក្រាស់ក្រែល​ដែល Lampard ​បាន​ចាយវាយ​លើ Timo Werner និង Kai Havertz ដែល​ពុំ​បាន​ពាំនាំ​ផ្លែផ្កា​ជោគជ័យ​សម្រាប់​ក្លឹប​ទាល់​តែ​សោះ។

    បុរស​វ័យ ៤២ ឆ្នាំ បាន​មក​ដឹកនាំ​ក្លឹប​ម្ចាស់ដី Stamford Bridge កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៩ ហើយ​ដឹកនាំ​ក្រុម​ឈ្នះ ៤១ ប្រកួត ស្មើ ១៧ ប្រកួត និង​ចាញ់ ២២ ប្រកួត​នៅ​ចំណោម ៨០ ប្រកួត​សរុប។

    នៅ​ជុំ​ទី ១៧ ​បច្ចុប្បន្ន ក្លឹប Chelsea ​បាន​ធ្លាក់​មក​ដល់​លេខ ៨ ដែល​មាន ២៦ ពិន្ទុ បន្ថែម​គម្លាត​ឆ្ងាយ​ធៀប​នឹង​ក្រុម​ឈរ​កំពូល​តារាង​មាន ៣៣ ពិន្ទុ​ឯ​ណោះ៕ ប្រភព៖ Sportsmole

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT