ការប្រកួតកីឡានឹង​បើកឡើងវិញជាជំហានៗសម្រាប់ឆ្នាំ២០២១

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងជាផ្លូវការ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការបើកដំណើរការឡើងវិញនូវអាជីវកម្មក្លិបហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្តុំរបស់ក្រុមជម្រើសជាតិជាជំហានៗ។

រដ្ឋមន្ត្រីក្រសួងអបរំបញ្ជាក់ថា ក្រោយពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាត្រូវបានបញ្ចប់ ក្រសួងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រប់សកម្មភាពកីឡាទាំងអស់ ដើម្បីលើកកម្ពស់សុខភាព និងការហាត់ហ្វឹកហ្វឺនពង្រឹងបច្ចេកទេស និងគុណផលរបស់កីឡាករ កីឡាការិនី សម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ប្រទេសវៀតណាម និងត្រៀមការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ គ្រប់ទម្រង់ក្នុងការធ្វើ សកម្មភាពកីឡាគ្រប់ទម្រង់ត្រូវតែគោរពឱ្យបាននូវវិធានការសុខាភិបាល ហើយត្រូវធានាថា កន្លែងហាត់កន្លែងហ្វឹកហាត់ ហាត់ប្រាណ និងលេងកីឡា មិនមែនជាកន្លែងឆ្លងជំងឺកូវីដ-១៩ឡើយ។

នៅក្នុងការដំណើរការអនុញ្ញាតឱ្យលេងកីឡាទាំងអស់ឡើងវិញនេះ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា ប្រធានសហព័ន្ធកីឡាជាតិនានា ម្ចាស់អាជីវកម្មក្លិបហាត់ប្រាណ និងអង្គភាពពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាលប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT