Honda បង្ហើបពីមូលហេតុដឹកនាំក្រុមជម្រើសជាតិកម្ពុជា

នៅក្នុងថ្ងៃបង្ហាញខ្លួនជាផ្លូវការឱ្យក្លិបថ្មីរបស់ខ្លួន Melbourne Victory កីឡាករសញ្ជាតិជប៉ុន Keisuke Honda បានបង្ហើបប្រាប់អំពីមូលហេតុដែលរូបគេ បានសម្រេចចិត្តក្លាយជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ។

លោក Honda « ប្រហែលជាកាលពី ០៤ខែមុន ខ្ញុំបានជជែកជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយខ្ញុំបានសួរពួកគេថា តើអាចឱ្យខ្ញុំធ្វើជាអ្នកគ្រប់គ្រងក្រុមជម្រើសជាតិបានទេ ប៉ុន្តែក្នុងពេលជាមួយគ្នានោះខ្ញុំនៅតែជាកីឡាករដដែល ហើយពួកគេឆ្លើយថា បាន » ។

លោកក៏បានបន្តថា ក្លិប Melbourne Victory យល់ស្របចំពោះស្ថានភាពនេះ ហើយគោរពនូវរាល់សកម្មភាពរបស់គាត់ ។

គួររំលឹកថា លោក Keisuke Honda មានវ័យ ៣២​ ឆ្នាំ បានចូលនិវត្តន៍៍ពីក្រុមជម្រើសជាតិជប៉ុនហើយ ខណៈដែលលោកបានយល់ព្រមជាកីឡាកររបស់ក្លិប Melbourne Victory នៅក្របខ័ណ្ឌលីគអូស្រ្តាលី ពោលគឺ ៦ថ្ងៃ មុនក្លាយជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។

ជាមួយនឹងកាលវិភាគច្បាស់លាស់ កម្ពុជា នឹងត្រូវប្រកួតមិត្តភាពជាមួយ ម៉ាឡេស៊ី នៅថ្ងៃទី ១០ ខែ កញ្ញា ខាងមុខ នៅពហុកីឡដ្ឋានជាតិ ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT