តើ​គ្រូ​បង្វឹក អាច​មាន​សិទ្ធ​ដឹក​នាំ​ក្លឹប​បាល់ទាត់ និង​ក្រុម​ជម្រើស​ជាតិ​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​បាន​ទេ?

មាន​សំណួរ​ងឿងឆ្ងល់​ជា​ច្រើន​ពី​អ្នក​គាំទ្រ ដែល​បាន​ចោទ​សួរ​មក​កាន់​ទំព័រ CTS Sports ​ជា​រឿយៗ​មិន​ថា​តែ​ក្នុង​វិស័យ​កីឡា​បាល់ទាត់ ប្រដាល់​ឬ​ក៏​បាល់ទះ​ជា​ដើម។ ក្នុង​ចំណោម​នោះ​យើង​បាន​ធ្វើ​ការ​ជ្រើសរើស​នូវ​ប្រធានបទ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដោយ​បាន​ចោទ​សួរ​ថា​ តើ​គ្រូ​បង្វឹក​ឬ​ក៏​អ្នកចាត់ការ អាច​មាន​សិទ្ធ​ដឹកនាំ​ក្លឹប​បាល់ទាត់​និង​ក្រុម​ជម្រើស​ជាតិ​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​បាន​ដែរ​ឬ​ទេ?

ធ្លាប់ដឹកនាំក្លឹប CSKA Moscow និងជម្រើសជាតិរុស្ស៊ី

ចម្លើយ​យ៉ាង​ខ្លី៖ នោះ​គឺ​អាច​ធ្វើ​ទៅ​បាន ហើយ​ពុំ​មាន​ច្បាប់ក្រម​ហាមឃាត់​ណា​មួយ​ឡើយ ប៉ុន្តែ​វា​ស៊ីសង​លើ​កុងត្រា​នៃ​ភាគី​ក្លឹប​ឬ​ក្រុម​ជម្រើស​ជាតិ​ដែល​គ្រូ​បង្វឹក​រូប​នោះ​បាន​ចុះ​ហត្ថលេខា។ ជាក់ស្ដែង​ដូច​នៅ​ក្នុង​កិច្ច​កុងត្រា​ខ្លះ ពុំ​អនុញ្ញាត​ឲ្យ​អ្នកចាត់ការ​រូប​នោះ​ប្រើប្រាស់​សិទ្ធ​ទៅ​បម្រើ​ការ​នៅ​ស្ថាប័ន​ដទៃ​ឡើយ ហើយ​ហេតុផល​រួម​គឺ ដោយសារ​កម្រ​មាន​អ្នកចាត់ការ​ណា​ដែល​អាច​បំពេញ​កាតព្វកិច្ច​ល្អ​ឥត​ខ្ចោះ​លើ​ការងារ ២ កន្លែង​ ក្នុង​ពេល​តែ​មួយ​ខ្លាំង​ណាស់។

ជា​ឧទាហរណ៍​ដូច​ជា​លោក Guus Hiddink នៅ​កំឡុង​ឆ្នាំ ២០០៩ លោក​កំពុង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ហើយ​ពេល​នោះ​សមាគម​បាល់ទាត់​រុស្ស៊ី​បាន​អនុញ្ញាត​ឲ្យ​លោក​អាច​ទៅ​ដឹកនាំ​ក្លឹប​បាល់ទាត់​មួយ​ផ្សេង​ទៀត​បាន។ ដូច្នោះ​ហើយ​អ្នកចាត់ការ​សញ្ជាតិ​ហូឡង់​ក៏​ចាប់​យក​ឱកាស​ទៅ​ធ្វើ​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​នៅ​ក្លឹប Chelsea ដែល​មាន​ន័យ​ថា លោក​កំពុង​កាន់​តួ​នាទី​ ២ ក្នុង​ពេល​តែ​មួយ។

ជា​លទ្ធផល​លោក​បរាជ័យ​ការងារ​ទាំង​ ២ កន្លែង​នោះ ដោយ​នៅ​ជម្រើស​ជាតិ​លោក​មិន​អាច​ដឹកនាំ​ឲ្យ​ក្រុម​ឆ្លង​ផុត​វគ្គ​ជម្រុះ​ព្រឹត្តិការណ៍ World Cup ឡើយ ហើយ​នៅ​ក្លឹប Chelsea ​ដឹកនាំ​បាន​តែ ២២ ប្រកួត​ក៏​ត្រូវ​បាន​ក្លឹប​ដក​តំណែង​ចោល​ទៀត។ ប្រធាន​ក្លឹប​លោក Abramovich បាន​និយាយ​កាល​នោះ​ថា៖ “ខ្ញុំ​មិន​គិត​ថា​វា​អាច​ទៅ​រួច​ទេ​សម្រាប់​អ្នកចាត់ការ​ដែល​អាច​បម្រើ​ការងារ​ពីរ​នៅ​រដូវ​កាល​តែ​មួយ ហើយ​ធ្វើ​បាន​ល្អ​ទៀត​នោះ ព្រោះ​ជា​អ្នកចាត់ការ​មិន​ស្រួល​ដូច​កីឡាករ​ដែល​ត្រឹម​មក​ហ្វឹកហាត់ ២-៣ ម៉ោង​ហើយ​ត្រលប់​ទៅ​ផ្ទះ​វិញ​ទេ ពោល​អ្នកចាត់ការ​ត្រូវ​រៀបចំ​ទាំង​ផែនការណ៍​ផ្សេងៗ ហើយ​ពិភាក្សា​ជាមួយ​ក្រុម​គ្រូពេទ្យ​អំពី​កាយ​សម្បទា​កីឡាករ និង​វិភាគ​លើ​ការ​ប្រកួត​ចាស់​ថ្មី​ថែម​ទៀត”។

យ៉ាងណាមិញ​ក៏​នៅ​តែ​មាន​បុគ្គល​ដែល​អាច​បំពេញ​ការងារ ២ ក្នុង​ពេល​តែ​មួយ ហើយ​បាន​លទ្ធផល​ល្អ​ផង​ដែរ ជាក់ស្តែង​ដូច​ជា​លោក Rinus Michels នៅ​ឆ្នាំ ១៩៧៤ គ្រា​នោះ​លោក​ដឹកនាំ​ក្លឹប Barcelona ផង និង​ក្រុម​ជម្រើស​ជាតិ​ហូឡង់​ផង។ ជា​លទ្ធផល​លោក​ដឹកនាំ​ក្លឹប​ឈ្នះ​ពាន La Liga ហើយ​នៅ​ជម្រើស​ជាតិ​ដឹកនាំ​ក្រុម​ឲ្យ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA World Cup ថែម​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT