Barcelona ប្រហែល​អាច​ចំណេញ ២០ លាន​អឺរ៉ូ ពី​របួស​របស់ Coutinho

ខ្សែ​ប្រយុទ្ធ​ស្លាប Phillipe Coutinho បាន​រង​របួស​ជង្គង់​ផ្នែក​ខាង​ឆ្វេង​ធ្ងន់ធ្ងរ ដែល​នេះ​អាច​រាប់​ជា​ដំណឹង​អាក្រក់​ផង និង​ដំណឹង​ល្អ​ផង​សម្រាប់​ក្លឹប Barcelona។

ដំណឹង​អាក្រក់​គឺ​ក្លឹប​នឹង​បាត់បង់​កីឡាករ​សំខាន់​រយៈ​ពេល​ច្រើន​ខែ​ចន្លោះ ៤-៥ ខែ​ឯ​ណោះ ពោល​គឺ​កៀក​ជិត​បញ្ចប់​រដូវ​កាល ២០២០/២១។ រី​ឯ​ដំណឹង​ល្អ គឺ​ក្លឹប​ទំនង​ជា​នឹង​មិន​ត្រូវ​ចំណាយ​ប្រាក់ ២០ លាន​អឺរ៉ូ ទូទាត់​ទៅ​ឲ្យ​ក្លឹប​ចាស់​របស់ Coutinho គឺ​ហង្ស​ក្រហម Liverpool។

នោះ​គឺ​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ក្លឹប Barcelona និង​ Liverpool ដោយ​បាន​កំណត់​ថា ប្រសិន​ណា Coutinho អាច​បង្ហាញ​ខ្លួន​ដល់ ១០០ ប្រកួត នោះ​អ្នក​មាន​បុណ្យ​នឹង​ត្រូវ​ទូទាត់​ប្រាក់​បន្ថែម ២០ លាន​អឺរ៉ូ​ដល់​ក្លឹប​អាណាព្យាបាល​ចាស់​ Liverpool។

​បច្ចុប្បន្ន Coutinho បង្ហាញ​ខ្លួន​បាន ៨០ ប្រកួត​ហើយ អ៊ីចឹង​នៅ​សល់ ២០ ប្រកួត​រយៈ​ពេល​ជាង ២ មុន​បញ្ចប់​រដូវ​កាល គឺ​ពិត​ជា​មិន​អាច​ទៅ​រួច​ឡើយ។ គួប​ផ្សំ​នឹង​ស្ថានភាព​របស់ Coutinho រយៈ​ពេល​ចុង​ក្រោយ​ល្ហៀងៗ​ថា​អាច​នឹង​ចាកចេញ​ផង​នោះ បែប​នេះ​មាន​ន័យ​ថា ប្រសិន Barca លក់ Coutinho ត្រឹម​បញ្ចប់​រដូវ​កាល លុយ ២០ លាន​ដែល​ត្រូវ​បង់​ឲ្យ​ហង្ស​ក៏​ទុក​ជា​អាសាបង់​ដែរ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT