សង្ខេប​ឡើង​វិញ​នូវ​រឿងរ៉ាវ​កក្រើក​បំផុត​ក្នុង​ពិភព​បាល់ទាត់​ប្រចាំ​ខែ​ទាំង ១២ នៅ​ឆ្នាំ ២០២០

២០២០ គឺ​ជា​ឆ្នាំ​ដ៏​អាក្រក់​មួយ​សម្រាប់​វិស័យ​កីឡា​បាល់ទាត់ ដោយ​វា​ជា​លើក​ដំបូង​ដែល​ពុំ​អនុញ្ញាត​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន​អស់​រយៈ​ពេល​ជា​ច្រើន​ខែ ហើយ​ក៏​ជា​ឆ្នាំ​ដែល​វីរបុរស​ក្នុង​ពិភព​បាល់ទាត់​ជា​ច្រើន​បាន​ទទួល​មរណភាព។

ជា​កិច្ច​ស្វាគមន៍​ចូល​មក​ទំព័រ​ថ្មី​ឆ្នាំ ២០២១ CTS Sports ក៏​សូម​ធ្វើ​ការ​សង្ខេប​ឡើង​វិញ​នូវ​រឿងរ៉ាវ​ដ៏​កក្រើក​ទាំង ១២ ប្រចាំ​ខែ​នីមួយៗ​នៅ​ឆ្នាំ​ចាស់ ២០២០៖

ខែ​មករា៖ វា​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ១៧ ឆ្នាំ​ចុង​ក្រោយ​ដែល​ក្លឹប Barcelona ​ប្រកាស​បណ្ដេញ​ចេញ​អ្នកចាត់ការ​នៅ​ពាក់​កណ្ដាល​រដូវ​កាល​ដែល​កំពុង​លេង ហើយ​ទាំង​ដែល​ពេល​នោះ​ពួក​គេ​កំពុង​ឈរ​នៅ​កំពូល​តារាង​ថែម​ទៀត។ អ្នក​មាន​បុណ្យ​បាន​ដក​តំណែង​លោក Ernesto Valverde ហើយ​ជំនួស​មក​វិញ​នៅ​លោក Quique Setien។

ខែ​កុម្ភៈ៖ ក្លឹប Watford បាន​បញ្ចប់​កំណត់ត្រា​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” របស់ Liverpool ក្រោយ​យក​ឈ្នះ​ហង្ស​ក្រហម ៣-០ នៅ​ឯ​កីឡដ្ឋាន Vicarage Road។

ខែ​មិនា៖ ជា​ប្រកួត​ចុង​ក្រោយ​មួយ​នៅ​តំបន់​អឺរ៉ុប ដែល​លេង​ដោយ​មាន​អ្នក​គាំទ្រ​ទស្សនា​ក្នុង​កីឡដ្ឋាន ក្លឹប Atletico Madrid បាន​ទម្លាក់​ Liverpool ចេញ​ពី Champions League នៅ​ឯ​ទីលាន​មរណៈ Anfield ដោយ​លទ្ធផល ៣-២។

ខែ​មេសា៖ អតីត​កីឡាករ​របស់​ក្លឹប Leeds United និង​ជា​ម្ចាស់​ជើង​ឯក World Cup របស់​អង់គ្លេស​គឺ​លោក Norman Hunter បាន​ទទួល​មរណភាព​នៅ​អាយុ ៧៦ ឆ្នាំ។

ខែ​ឧសភា៖ នៅ​ថ្ងៃ​ទី ១៦ ​ឧសភា គឺ​ជា​ប្រកួត​ដំបូង​ប្រចាំ​លីគ​កំពូល​ទាំង ៥ ដែល​ចាប់​ដំណើរការ​ឡើង​វិញ​ក្រោយ​ផ្ទុះ​ជំងឺ​រាតត្បាត COVID-19។ ជា​រឿង​ចៃដន្យ​នៅ​ពេល​នោះ Dortmund បាន​យក​ឈ្នះ​យក Schalke 04 ដោយ​លទ្ធផល ៤-០។

ខែ​មិថុនា៖ Liverpool បាន​ឈ្នះ​ពាន​ Premier League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ និង​ជា​ការ​ខកខាន​រយៈ​ពេល ៣០ ឆ្នាំ​សម្រាប់​ពាន​លីគ​កំពូល​អង់គ្លេស។

ខែ​កក្កដា៖ Real Madrid ដែល​ធ្វើ​មិន​សូវ​បាន​ល្អ​នៅ​ដើម​រដូវ​កាល ២០១៩/២០ ទី​បំផុត​បាន​ឆ្លងកាត់​ព្យុះភ្លៀង​មក​លើក​ពាន La Liga នៅ​បញ្ចប់​រដូវ​កាល​ទាល់​តែ​បាន ហើយ​នាំ​មុខ Barcelona ជា​ក្រុម​លេខ ២ ចំនួន ៥ ពិន្ទុ។

ខែ​សីហា៖ ក្រុម Bayern Munich បាន​ឈ្នះ​ពាន Champions League ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ចងចាំ​បំផុត នោះ​គឺ​ការ​យក​ឈ្នះ ៨-២ ទៅ​លើ Barcelona នៅ​ឯ​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

ខែ​កញ្ញា៖ ក្រោយ​ផ្ទុះ​ភាព​រកាំរកូស​រវាង​ Messi ជាមួយ​ក្លឹប Barcelona ចុង​ក្រោយ Luis Suarez ​ដែល​ជា​មិត្ត​ជំនិត​ក៏​បាន​រើ​បង្វេច​ដើរ​ចេញ និង​ផ្ទេរ​មក​ក្លឹប​គូ​ប្រជែង Atletico Madrid។

ខែ​តុលា៖ តារា​ឆ្នើម Cristiano Ronaldo បាន​តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19 ដែល​នាំ​ឲ្យ​លោក​ខកខាន​ការ​ប្រកួត​ទល់ Messi នៅ UCL ជើង​ទី ១ ​ក្រោយ​ខកខាន​ជួប​គ្នា​រយៈ​ពេល​ជាង ២ ឆ្នាំ។

ខែ​វិច្ឆិកា៖ ជា​ខែ​ដ៏​សោក.សៅ​បំផុត​សម្រាប់​ពិភព​បាល់ទាត់ ក្រោយ​ការ​បាត់បង់​អតីត​កីឡាករ​ជើង​ចាស់​លោក Diego Maradona ដែល​ទទួល​មរណភាព​នៅ​អាយុ ៦០ ឆ្នាំ កាល​ពី​​ថ្ងៃ​ទី ២៥ ​វិច្ឆិកា។

ខែ​ធ្នូ៖ កីឡាករ​ Robert Lewandowski បាន​ឈ្នះ​ពាន​រង្វាន់ The Best របស់ FIFA ​ដោយ​យក​ឈ្នះ Lionel Messi និង Cristiano Ronaldo ដែល​ជា​បេក្ខភាព​ឈរ​ឈ្មោះ ៣ រូប​ចុង​ក្រោយ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT