Theerathon Bunmathan បន្តកុងត្រាជាមួយ Yokohama F Marinos សម្រាប់​រដូវ​កាល​២០២១

ខ្សែការពារជម្រើស​ជាតិ​ថៃ Theerathon Bunmathan បានចុះកុងត្រាបន្តជាមួយក្លឹប Yokohama F Marinos លេងនៅ J. League ដែល​នេះ​មានន័យថានឹងបន្តស្នាក់នៅប្រទេសជប៉ុននារដូវកាលក្រោយ។

ក្លឹបបាន​ប្រកាសតាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន ដែលក្រៅពី Theerathon កីឡាករនាំចូលពីរនាក់ទៀតគឺ Marcos Junior និង Thiago Martins ក៏បានចុះកិច្ចសន្យាបន្តផងដែរ។

សេចក្តីថ្លែងការណ៍មួយពី Yokohama F Marinos ដែលត្រូវបានគេដកស្រង់សម្តីថា៖“ យើងមានសេចក្តីរីករាយ និងសូមប្រកាសថាកីឡាករ ៣ នាក់គឺ Theerathon, Marcos Junior និង Thiago Martins បានចុះកិច្ចសន្យាបន្តជាមួយក្រុមសម្រាប់រដូវកាល ២០២១” ។

Theerathon Bunmathan គឺជាកីឡាករសំខាន់ម្នាក់សម្រាប់ Yokohama  ចាប់តាំងពីលេងខ្ចីជើងជាមួយក្លឹបនៅរដូវកាល ២០១៩ ។ អតីតកីឡាករ Buriram United រូបនេះបានជួយក្លិបឈ្នះការប្រកួត J1 ក្នុងរដូវកាល ២០១៩ ដែល Yokohama F Marinos បញ្ចប់ការប្រកួតដោយឈរ​កំពូលតារាងលើសមាន ៦ ពិន្ទុនាំមុខក្រុម FC Tokyo  ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ។

សម្រាប់រដូវកាល ២០២០ Yokohama F Marinos  បានបរាជ័យក្នុងការការពារតំណែងដែលខ្លួនបានឈ្នះកាលពីរដូវកាលមុន ហើយ  Kawasaki Frontale ជាជើងឯក។ ក្រុមរបស់លោក Ange Postecoglou ឈរ​លេខ៩ក្នុង​តារាង​លីគ ហើយខកខានឱកាសលេងក្នុងពានរង្វាន់ AFC Champions League រដូវកាល ២០២១ ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT