ញាក់សាច់! ​នាឡិកា​ដែល​កូន​ច្បង​អាយុ ១០ ឆ្នាំ​របស់ Ronaldo ពាក់​ ថ្លៃ​ជាង​កន្លះ​លាន​ដុល្លារ

នៅ​ឯ​ព្រឹត្តិការណ៍ Globe Soccer Awards ក្នុង​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់​រួម​កាល​ពី​ចុងខែធ្នូ​កន្លង​ទៅ ​ក៏​មិន​ខុស​ពី​ឆ្នាំ​មុនៗ ដោយ​តារា​ឆ្នើម Cristiano Ronaldo បាន​ដឹកដៃ​សមាជិក​គ្រួសារ ដែល​មាន​គូស្នេហ៍​អ្នក​នាង Georgina Rodriguez ​និង​កូន​ប្រុស​ច្បង Jr មកចូលរួម។

ទាំង​ការ​ស្លៀកពាក់​និង​របស់​លំអ​ខ្លួន​សក្ដិសម​ជា​គ្រួសារ​អភិជន ដែល​មាន​ទ្រព្យ​ខ្ទង់​ពាន់​លាន​ដុល្លារ​ ហើយ​បើ​បង្វែរ​ទៅ​ជ្រុង​មួយ​ គឺ​នាឡិកា​ដៃ​របស់​កូន​ប្រុស​ច្បង Cristiano Ronaldo Jr ក៏​មាន​តម្លៃ​មិន​ណយ​នោះ​ដែរ។

តាម​របាយការណ៍​ពី Insane Luxury ចុះ​ផ្សាយ​ថា កុមារ​អាយុ ១០ ឆ្នាំ​ខាង​លើ បាន​ប្រើប្រាស់​នាឡិកា​ជំនាន់​ពិសេស​ម៉ាក Rolex GMT-Master II 116769TBR ប្រភេទ White Gold 18K លាយ​ឡំ​នឹង​គ្រាប់​ពេជ្រ​ដាំ​ជាប់​នោះ​ជា​ច្រើន​គ្រាប់។ សរុប​ជា​សាច់ប្រាក់ សម្រាប់​នាឡិកា​នៅ​នឹង​ដៃ​របស់ Jr មួយ​នោះ គឺ​ថ្លៃ ៥៦០ ០០០ ដុល្លារ​អាមេរិក។

ជុំវិញ​រឿងរ៉ាវ​នេះ​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ថា Jr ហាក់​ព្យាយាម​ធ្វើ​តាម​ឪពុក​របស់​ខ្លួន​ទាំង​ស្រុង មិន​ថា​តែ​ម៉ូត​សក់ ការ​ស្លៀកពាក់ ការ​អភិវឌ្ឍ​ផ្នែក​កាយ​សម្បទា និង​ចុង​ក្រោយ​សូម្បី​តែ​គ្រឿង​លំអ​ខ្លួន ក៏​កុម្ម៉ង់​សុំ​ឪពុក​ដែល​ជា​សេដ្ឋី​លុយ​វាល់​លាន​នៅ​របស់របរ​ថ្លៃ​កប់​ពពក​ផង​ដែរ៕

ប្រភព៖ Insane Luxury

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT