អែម​ហួស! ប្រមូល​ផ្តុំ​សុទ្ធ​តែ​តារា​ល្បី​ៗសម្ភោធឈុតថ្មី CFA ស្វាគមន៍​រដូវ​កាល ២០២១

នៅ​ឯ​តារាង Western (AIA Stadium) កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ​ក្រុម​បាល់ទាត់ Cambodian Fan Club All Stars ឬ​ហៅ​កាត់​ CFA បាន​ប្រមូល​ផ្តុំ​គ្នា​ទាំង​ឈុត​ A និង B បើក​ឆាក​សម្ភោធ​ឈុត​ថ្មី​រដូវ​កាល ២០២១ និង​ប្រកួត​កម្ដៅ​សាច់ដុំ។

ចំពោះ​ឈុត​ថ្មី​ដែល​មាន​ ៣ ពណ៌​ដូច​ជា ស ក្រហម និង​លឿង បាន​ទទួល​ការ​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ផ្ដល់​ជូន​សេវាកម្ម​កម្សាន្ត 2MBet ហើយ​ឈុត​ដ៏​ស្រស់​ស្អាត​ទាំង​នោះ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ ដោយ​លក់​ដាច់​បាន​ ២០០ ឈុត​ត្រឹម​រយៈ​ពេល​តែ​ជាង​ពីរ​ថ្ងៃ។

បង្វែរ​ទៅ​សកម្មភាព​ជួបជុំ​នៅ​ថ្ងៃ​អាទិត្យ​នោះ​វិញ យើង​ក៏​ប្រទះ​ឃើញ​វត្តមាន​តារា​សម្តែង ក៏​ដូច​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជា​សមាជិក​ក្រុម មក​ចូលរួម​សម្ភោធឈុត CFA រដូវ​កាល​ថ្មី រួម​មាន​ដូច​ជា​លោក ម៉ៅ ហាជី, ដា ភ្លេង, ក្រុម​តន្រ្តី Suffer Band និង​លោក អ៊ុំ សុវណ្ណគិរី ជា​ដើម។

បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​តំណាង​ក្រុម CFA លោក អៃ សំអូន​ក៏​បង្ហើប​ពី​គម្រោង​នៅ​ឆ្នាំ​ថ្មី ២០២១ បែប​នេះ​ថា៖ “CFA នឹង​គ្រោង​រៀបចំ​ការងារ​សប្បុរសធម៌​ខ្នាត​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ​ផ្ទាល់ លើ​គោលដៅ​រៃអង្គាស​ថវិកា​ជួយ​ដល់​ជន​ខ្វះខាត លាយឡំ​នឹង​ការ​ផ្សព្វផ្សាយ​ពី​ការ​លេង​កីឡា​ដើម្បី​សុខភាព ក៏​ដូច​ជា​ជៀសឆ្ងាយ​ពី​គ្រឿង.ញៀន មួយ​ទៀត​សោត​ក្នុង​កម្មវិធី​នោះ​ក៏​នឹង​មាន​សិល្បករ​ល្បីៗ​ចូលរួម​ជា​លក្ខណៈ​បែប​ប្រគំតន្ត្រី​ញាំង​ឲ្យ​កម្មវិធី​កាន់​តែ​សប្បាយ​រីករាយ​”។

រំឭក​ថា CFA ជា​ក្រុម​បាល់ទាត់​ដែល​មាន​អាយុ​កាល​ជាង​ ១ ឆ្នាំ​មក​ហើយ ដោយ​រយៈ​ពេល​កន្លង​ទៅ​នេះ​ពួក​គេ​បាន​ចូលរួម​ក្នុង​ការងារ​សង្គម​ជា​ច្រើន ហើយ​ក៏​បាន​ផ្តល់​ឱកាស​ឲ្យ​យុវជន​ដែល​មាន​ទេពកោសល្យ​និង​ឆន្ទៈ​ខិតខំ​ប្រឹងប្រែង​ អាច​បង្ហាញ​សមត្ថភាព​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ផង​ដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT