Messi ឆ្លើយ​មួយ​ម៉ាត់​យ៉ាង​ខ្លី រឿង​ចង់​ឲ្យ Barcelona យក Neymar ចេញ​ពី PSG

មាន​មតិ​ចម្រូង​ចម្រាស​ជា​ច្រើន​នៅ​រយៈ​ពេល​ចុង​ក្រោយ ដោយ​ខ្លះ​លើក​ឡើង​ថា Barcelona នឹង​នាំ​យក Neymar មក​អន្ទង​ចិត្ត Messi ឲ្យ​បន្ត​នៅ និង​ខ្លះ​​ទៀត​ក៏​និយាយ​ថា Messi អាច​នឹង​ត្រូវ​បាន PSG ចរចា​នាំ​យក​ទៅ​ទីក្រុង​ប៉ារីស​រួម​ជើង​ជាមួយ Neymar។

ស្តាប់​ទៅ​មាន​ន័យ​ថា​អ្នក​ទាំង​ពីរ មាន​ភាគរយ​ប្រហែល​អាច​ជួប​គ្នា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ប៉ុន្តែ​សម្រាប់​ការ​រួម​ជើង​នៅ Barcelona គឺ​ស្ថិត​នៅ​ភាគរយ​ទាប​បំផុត។ ដូច Messi បាន​លើក​ឡើង​កន្លង​ទៅ​នេះ​ថា Barcelona គ្មាន​លទ្ធភាព​ក្នុង​ការ​នាំ​យក​កីឡាករ​ប្រេស៊ីល​មក​នោះ​ទេ បើ​មើល​តាម​ស្ថានភាព​ហិរញ្ញវត្ថុ​បច្ចុប្បន្ន។

នៅ​បទសម្ភាសន៍​ជាមួយ La Sexta កីឡាករ​វ័យ ៣៣ ឆ្នាំ​និយាយ៖ “តើ​អ្នក​អាច​ទូទាត់​ឲ្យ​ Paris សម្រាប់​ការ​ផ្ទេរ [Neymar] មក​ដោយ​របៀប​ណា វា​មិន​មែន​ជា​រឿង​ងាយ​ទេ ហើយ​ក៏​នឹង​ជា​ស្ថានភាព​ដ៏​លំបាក​សម្រាប់​ប្រធាន​ក្លឹប​ថ្មី​ផង​ដែរ ហើយ​គឺ​ទាមទារ​ឲ្យ​អ្នក​ថ្មី​គាត់​វាងវៃ គាត់​អាច​ផ្លាស់ប្ដូរ​គ្រប់​យ៉ាង​ឲ្យ​ដំណើរការ​រលូន”។

កីឡាករ​អាហ្សង់ទីន​បន្ថែម៖ “វា​ពិត​ជា​ពិបាក​ក្នុង​ការ​នាំ​យក​កីឡាករ​ថ្មី​ចូលក្រុម ព្រោះ​ពួក​យើង​ត្រូវ​ការ​លុយ ហើយ​ពេល​នេះ​គឺ​យើង​គ្មាន​ទេ ខណៈ​បច្ចុប្បន្ន​យើង​ក៏​មាន​កីឡាករ​សំខាន់​ខ្លះ​ដែរ អ៊ីចឹង​យើង​តែ​ត្រូវ​តស៊ូ​យក​ឈ្នះ​គ្រប់​យ៉ាង ហើយ​អ្នក​ក៏​ត្រូវ​ទូទាត់​ប្រាក់​សម្រាប់​ពួក​គេ​ដូច​គ្នា”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT