Ronaldo៖ “លេង​បាល់​ដោយ​គ្មាន​អ្នក​គាំទ្រ​ក្នុង​កីឡដ្ឋាន​គឺ​ជា​រឿង​ធុញទ្រាន់​ណាស់”

តារា​ឆ្នើម​ Cristiano Ronaldo បាន​បង្ហាញ​អារម្មណ៍​ក្នុង​ចិត្ត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា នៅ​ពេល​ដែល​គ្មាន​អ្នក​គាំទ្រ​ក្នុង​កីឡដ្ឋាន គឺ​ជា​រឿង​ធុញទ្រាន់​មួយ​សម្រាប់​លោក។

ជា​ការ​ពិត​កីឡដ្ឋាន​រាល់​បណ្តា​ក្លឹប​បាល់ទាត់​ទាំង​អស់ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​ចូល​ទស្សនា​ឡើយ គ្រា​ផ្ទុះ​ជំងឺ​រាតត្បាត COVID-19 រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ចុង​ក្រោយ ទើប​តែ​ថ្មីៗ​នេះ​បើក​ឲ្យ​មាន​មនុស្ស​ចូលរួម ២០-៣០ ភាគរយ​ផ្អែក​តាម​ការ​កំណត់​របស់​ប្រទេស​នីមួយៗ។

ដោយ​ឡែក​សម្រាប់​កីឡាករ​ព័រទុយហ្គាល់ ដែល​ទើប​តែ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​សតវត្ស បាន​និយាយ​នៅ​កម្មវិធី Globe Soccer Awards ​នា​ថ្ងៃ​អាទិត្យ​ថា៖ “សម្រាប់​ខ្ញុំ​ស្មោះត្រង់​ទៅ ការ​ដែល​លេង​ដោយ​គ្មាន​មនុស្ស​ក្នុង​កីឡដ្ឋាន​ជា​រឿង​គួរ​ឲ្យ​ធុញទ្រាន់ តែ​ពួក​យើង​ កីឡាករ គឺ​គោរព​ដល់​វិធានការ​ទាំង​អស់ ហើយ​សុខភាព​ជា​រឿង​ចម្បង តែ​គ្រាន់​ថា​ស្មោះត្រង់​ទៅ​ខ្ញុំ​មិន​ចូលចិត្ត​បែប​ហ្នឹង​ទេ”។

លោក​បន្ត៖ “ខ្ញុំ​ចូលចិត្ត​ពេល​មនុស្ស​ក្នុង​កីឡដ្ឋាន​ស្រែ​ថា Cristiano ហើយ​ពេល​ខ្ញុំ​ប៉ះ​បាល់ ពួក​គេ​ស្រែក​គឺ​ខ្ញុំ​ចូលចិត្ត​ណាស់ ដោយ​សង្ឃឹម​ថា​នៅ​ឆ្នាំ ២០២១ នឹង​មាន​ការ​ផ្លាស់ប្តូរ ហើយ​យើង​អាច​ឃើញ​កីឡដ្ឋាន​ដ៏​ស្រស់​ស្អាត​ពោរពេញ​ដោយ​អ្នក​គាំទ្រ​វិញ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT