ក្លឹប Santos ចេញ​មុខ​តវ៉ា ថា Pele មិន​មែន​រក​បាន​តែ ៦៤៣ ​គ្រាប់​ដែល Messi បំបែក​បាន​ថ្ងៃ​មុន​ទេ

មួយ​គ្រាប់​របស់ Lionel Messi នៅ​ជំនួប​ទល់​ក្លឹប Real Valladolid បាន​រុញ​ឲ្យ​គ្រាប់​បាល់​សរុប​របស់​គេ​នៅ​ក្លឹប Barcelona ឡើង​ដល់ ៦៤៤ ​គ្រាប់ ដែល​ចារ​ថា​បាន​បំបែក​កំណត់ត្រា​ចាស់​របស់ Pele ធ្វើ​បាន ៦៤៣ ​គ្រាប់​ជាមួយ​ក្លឹប Santos។

ក្រោយ​បំបែក​កំណត់ត្រា​នោះ អតីត​កីឡាករ​ជើង​ចាស់​លោក Pele ក៏​បាន​បង្ហោះ​សារ​អបអរ ​និង​សរសើរ​ដល់ Messi មិន​ដាច់​ពី​មាត់​ផង​ដែរ ប៉ុន្តែ​ចម្លែក​អី​ថ្មីៗ​នេះ​ក្លឹប​បាល់ទាត់​នៅ​ប្រេស៊ីល Santos បែរ​ជា​ប្រតិកម្ម និង​បង្ហោះសារ​តវ៉ា​ថា Messi មិន​ទាន់​អាច​ឈាន​ដល់​តួ​លេខ​គ្រាប់​បាល់​របស់ Pele នៅ​ឡើយ។

ក្លឹប Santos បាន​អះអាង​ថា ​គ្រាប់​បាល់​សរុប​របស់ Pele គឺ ១ ០៩១ ​គ្រាប់ មិន​មែន ៦៤៣ ​គ្រាប់​ទេ ហើយ​ជុំវិញ​រឿងរ៉ាវ​នេះ ​ភ្នាក់ងារ​ស៊ើបអង្កេត​និង​សមាគម​កត់ត្រា​ប្រចាំ​ក្លឹប​កំពុង​ធ្វើ​ការ​តវ៉ា​និង​ទាមទារ​យក​តួ​លេខ​ដ៏​ជាក់លាក់​មួយ។

សេចក្តី​ថ្លែងការណ៍​របស់​ក្លឹប Santos ចុះ​ផ្សាយ​ថា៖ “៤៤៨ ​គ្រាប់​ដែល​ពួក​គេ​ព្យាយាម​មិន​រាប់​បញ្ចូល​សព្វថ្ងៃ​នេះ គឺ​សុទ្ធ​តែ​ជា​គ្រាប់​បាល់​ទល់​ក្លឹប​ធំៗ តួ​យ៉ាង​ដូច​ជា Pele រក​បាន ៩ ​គ្រាប់​ទល់​ Club America (ម៉ិកស៊ីកូ) និង Colo Colo (ឈីលី) ហើយ​ក៏​ធ្លាប់​បំប៉ោង​សំណាញ់​ទី ៨ គ្រាប់​ទល់​ក្លឹប Inter Milan ដែល​ជា​ក្លឹប​កំពូល​មួយ​នៅ​អឺរ៉ុប​នា​សម័យ​កាល​ឆ្នាំ ១៩៦០”។

“ហើយ​មាន​បណ្តា​ក្លឹប​ធំៗ​ជា​ច្រើន​ទៀត​ដូច​ជា​ River Plate, Boca Juniors, Racing, Universidad de Chile, Real Madrid, Juventus, Lazio, Napoli, Benfica និង Anderlecht ហើយ Barcelona ដែល​ជា​ក្លឹប Messi កំពុង​ឈរ​ជើង ក៏​ជា​ជនរងគ្រោះ​ក្រោម​ថ្វី​ជើង​របស់ Pele មួយ​ដែរ ដោយ ៤ ប្រកួត​រក​បាន​ដល់​ទៅ ៤ គ្រាប់​ឯ​ណោះ”។

យ៉ាងណាមិញ​ជុំវិញ​សារ​ពាក់ព័ន្ធ​នេះ សាមី​ខ្លួន Pele ផ្ទាល់ មិន​ទាន់​ចេញ​មុខ​មក​ធ្វើ​ការ​បកស្រាយ​អ្វី​​ឡើយ តែ​វា​ក៏​ជា​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ព្រោះ​ជា​ទូទៅ​អ្នក​គាំទ្រ​បាន​ត្រឹម​ដឹង​ថា គ្រាប់​បាល់​ដែល​មិន​រាប់​ចូល​នោះ គឺ​ជា​ការ​លេង​នៅ​ប្រកួត​មិត្តភាព​ប៉ះ​ក្រុម​តូចៗ​ប៉ុណ្ណោះ។ ចុះ​សម្រាប់​អ្នក​រាល់​គ្នា​វិញ តើ​យល់​ឃើញ​បែប​ណា​អំពី​សារ​ប្រតិកម្ម​នេះ?

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT