Lionel Messi នឹងមិនចូលលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនឡើយ រហូតដល់ចប់ឆ្នាំ២០១៨នេះសិន។ នេះបើតាមការបញ្ជាក់របស់កាសែតនៅអាហ្សង់ទីន។
អាហ្សង់ទីនទទួលរងការខកចិត្តយ៉ាងខ្លាំងនៅ World Cup 2018 នេះ ក្រោយបង្ហាញទម្រង់លេងមិនល្អនៅក្នុងពូល ហើយបានឡើងទៅវគ្គបន្ដដោយយ៉ាប់យ៉ឺនថែមទៀត។ ទន្ទឹមគ្នាក្រោយចប់ World Cup ទៅ គ្រូបង្វឹក Sampaoli ក៏ត្រូវបណ្ដេញចេញពីតំណែង ហើយកីឡាករមួយចំនួនធំក៏មិនមានអារម្មណ៍លេងបន្ដទៀតដែរ។
Messi ដែលជាប្រធានក្រុមជម្រើសជាតិ បានបង្ហើបថារូបគេនឹងមិនចូលលេងឱ្យអាហ្សង់ទីនទៀតទេ ក្នុងឆ្នាំ២០១៨ នេះ ប៉ុន្តែមិនប្រកាសជាផ្លូវការថាចូលនិវត្តឡើយ។ ដោយនេះមានន័យថារូបគេផ្អាកលេងត្រឹមឆ្នាំ២០១៨នេះសិន ហើយអាចនឹងបង្ហាញខ្លួនម្ដងទៀតនៅឆ្នាំ២០១៩ខាងមុខ។
ខ្សែប្រយុទ្ធរបស់ក្លឹប FC Barcelona ខាងលើនេះ បង្ហាញខ្លួនឱ្យអាហ្សង់ទីន១២៨ដង រកគ្រាប់បាល់បាន៦៦គ្រាប់ និងជួយប្រទេសឈ្នះមេដាយមាសអូឡាំពិកម្ដងនៅឆ្នាំ២០០៨៕ប្រភព៖ MIRROR