ទីផ្សារដោះដូរកីឡាកររដូវរងា នៅតំបន់អឺរ៉ុបនឹងបើកដំណើរការនៅថ្ងៃទី ៤ មករា ហើយបញ្ចប់ទៅវិញនៅថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២១។ គិតមកទល់ពេលនេះមានចចាមអារ៉ាមនៃការចាកចេញរបស់កីឡាករជាច្រើន ជាពិសេសគឺនៅលីគកំពូលទាំង ៥ ផ្ទាល់តែម្តង។
បើបង្វែរទៅក្របខ័ណ្ឌ La Liga អនាគតរបស់កីឡាករជប៉ុន Takefusa Kubbo កំពុងក្លាយជាមន្ទិលសង្ស័យ ហើយចម្លើយអាចនឹងលាតត្រដាងនៅត្រឹមខែមករាខាងមុខ។ បច្ចុប្បន្នខ្សែបម្រើវ័យ ១៩ ឆ្នាំ កំពុងលេងនៅក្លឹប Villarreal នៅលក្ខខណ្ឌខ្ចីជើង ប៉ុន្តែគេមិនសូវបានលេងជាប់លាប់ដូចការចង់បាននោះឡើយ។
ហេតុនេះហើយ Kubo ក៏គិតចង់ចាកចេញ និងវិលត្រលប់ទៅក្លឹបអាណាព្យាបាល Real Madrid វិញ។ យ៉ាងណាមិញក្រុមដឹកនាំដោយលោក Zinedine Zidane ក៏មានតែយកគេមកបន្តដាក់ឲ្យខ្ចីជើងទៅក្លឹបដទៃទៀតដែរ ហើយក្នុងនោះមានក្លឹប ៣ ដែលកំពុងឃ្លាំមើល Kubo រួមមាន Getafe, Real Sociedad និង Real Betis។ នេះបើតាមសារព័ត៌មាន Marca បានចុះផ្សាយ។
បញ្ជាក់ថា Kubo នៅសេសសល់កុងត្រាជាមួយ Real Madrid ដល់ចុងខែមិថុនា ឆ្នាំ ២០២៤ ហើយតម្លៃខ្លួនរបស់គេបានកើនឡើងខ្ពស់គួរសមនៅរយៈពេលជាង ១ ឆ្នាំចុងក្រោយ ដោយលោតពី ១០ លានអឺរ៉ូ មកកាន់ ៣០ លានអឺរ៉ូនៅឆ្នាំ ២០២០៕
ប្រភព៖ BeSoccer