កីឡាករ ១០ រូប​អាច​នឹង​ធ្វើ​ឲ្យ​រង្គោះរង្គើ​ទីផ្សារ​ដោះដូរ ​នៅ​ទំព័រ​ថ្មី​នៃ​ឆ្នាំ ២០២១

នៅ​ថ្ងៃ​ទី​ ៤ មករា ឆ្នាំ ២០២១ ទីផ្សារ​ដោះដូរ​រដូវ​រងា​នៅ​តំបន់​អឺរ៉ុប​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ហើយ។ រាល់​ចចាមអារ៉ាម​និង​មន្ទិល​សង្ស័យ​ដែល​ផ្ទុះ​ឡើង​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ នឹង​ត្រូវ​បាន​ទម្លាយ​ជា​បណ្តើរៗ​ចាប់​ពី​កាលបរិច្ឆេទ​នោះ​ត​ទៅ។

តាម​របាយការណ៍​ពី Marca យើង​សម្រង់​ឈ្មោះ​កីឡាករ​កំពូល ១០ រូប ដែល​អាច​នឹង​មាន​ការ​ដោះដូរ​នៅ​ខែ​មករា​ខាង​មុខ ដែល​ភាគ​ច្រើន​ពួក​គេ​សុទ្ធ​តែ​ជា​កីឡាករ​ត្រៀម​ផុត​កុងត្រា​នៅ​ចុង​បញ្ចប់​រដូវ​កាល ២០២០/២១៖

១០) David Alaba


Albaba ​ពុំ​មាន​ដំណឹង​ថា​ក្លឹប Bayern Munich ចង់​បន្ត​កុងត្រា​ថ្មី​ឲ្យ​នោះ​ទេ ហើយ​បើ​ទោះ​បី​ជា​លោក Hansi Flick ចង់​ប្រើប្រាស់​កីឡាករ​អូទ្រីស​ដល់​អស់​សុពលភាព​នា​បញ្ចប់​រដូវ​កាល​ក្តី​ក៏​ទំនង​ជា​ពិបាក។ មាន​ក្លឹប​ធំៗ​ជា​ច្រើន​ដូច​ជា Real Madrid, Manchester United, Chelsea និង Liverpool ដែលចង់បាន Alaba ហើយ​ប្រសិន​ព្រម​លក់​នៅ​ខែ​មករា ក៏ Bayern អាច​បាន​លុយ​ចូល​ហោប៉ៅ​ប៉ុន្មាន​លាន​ដែរ។

៩) Gianluigi Donnarumma


នេះ​គឺ​ជា​អ្នកចាំទី​កំពូល​មួយ ដែល​អាច​នឹង​មាន​ការ​ផ្ទេរ​ចេញ​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា។ តាម​ថា AC Milan មិន​ចង់​បាត់បង់ Donnarumma ដោយ​ឥត​តម្លៃ​ខ្លួន​នា​បញ្ចប់​រដូវ​កាល​ទេ បែប​នេះ​ក្លឹប​អាច​នឹង​ឲ្យ​ភ្នាក់ងារ​ Raiola រត់ការ​ចរចា​ជាមួយ Tottenham ឬ PSG ប្រសិន​ជា​ត្រូវ​ថ្លៃ។

៨) Diego Costa


ក្លឹប Atletico Madrid កំពុង​សកម្ម​ខ្លាំង​នៅ La Liga ព្រោះ​មាន​សង្ឃឹម​ខ្ពស់​អាច​ឈ្នះ​ពាន​នៅ​រដូវ​កាល ២០២០/២១។ ប៉ុន្តែ​ស្ថានភាព​នៅ​ទីផ្សារ​ដោះដូរ​ក៏​ពួក​គេ​មិន​ព្រលែង​ចោល​នោះ​ដែរ ជា​ពិសេស​គឺ Diego Costa ក៏ទើបតែប្រកាសបញ្ចប់កុងត្រាកាលពីពេលថ្មីៗនេះ ហើយក្លាយឈ្មោះជាកីឡាករឥតតម្លៃខ្លួនដែលអាចចរចាជាមួយក្លឹបដទៃបានដោយសេរី។

៧) Isco


ល្ហិចល្ហៀង​ច្រើន​ខែ​មក​ហើយ​ថា Isco អាច​នឹង​ដើរ​តាម​គន្លង​របស់ James Rodriguez ក្នុង​ការ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Everton។ បែប​នេះ​ការ​ចរចា​នៅ​ខែ​មករា​អាច​ជា​ឱកាសល្អ​មួយ ខណៈ​ដែល​ពេលវេលា​ឈរ​ជើង​របស់ Isco នៅ Real Madrid កាន់​តែ​ចុះ​ថយ​ស្រាប់​ផង​នោះ។

៦) Takefusa Kubo


ខ្ចី​ជើង​ឲ្យ​ទៅ Villarreal ដោយ​សង្ឃឹម​ថា​បាន​លេង​ជាប់លាប់ តែ​មាន​ឯ​ណា​កីឡាករ​ជប៉ុន​ក៏​នៅ​តែ​មិនមាន​ឱកាស​ដដែល។ ជម្រើស ២ ដែល Kubo អាច​នឹង​ជ្រើសរើស​នៅ​ខែ​ក្រោយ គឺ​ត្រលប់​មក Real Madrid ឬ​អាច​ជា​ផ្ទេរ​ទៅ​ក្លឹប Getafe ដែល​ល្ហៀងៗ​ថា​ចង់​បាន​គេ​ដែរ​នោះ។

៥) Dele Alli


ខ្សែ​បម្រើ​ប្រយុទ្ធ Alli ​កាន់​តែ​មាន​ភាព​សោះកក្រោះ​ជាមួយ​អ្នកចាត់ការ​លោក Jose Mourinho ហើយ​បើ​ទោះ​បី​កុងត្រា​សេសសល់​រយៈ​ពេល​យូរ​ដល់​ឆ្នាំ ២០២៤ ប៉ុន្តែ​ការ​ចាកចេញ​នៅ​ខែ​មករា ទំនង​ជា​នៅ​តែ​អាច​កើត​ឡើង។ ជា​ពិសេសស្របពេលដែល​អតីត​គ្រូ​ចាស់ លោក Mauricio Pochettino បាន​ចូល​កាន់​តំណែង​នៅ PSG ថ្មីថ្មោងទៀត ក្តី​សង្ឃឹម​នៃ​ការ​ចាកចេញ​របស់ Alli គឺ​អាច​កើត​មាន​ប្រហែល ៩០ ភាគរយ។

៤) Riqui Puig


Puig ជា​យុវជន​មាន​សមត្ថភាព​ល្អ​គួរ​សម តែ​សោកស្តាយ​អ្នកចាត់ការ Ronald Koeman ហាក់​មិន​ផ្តល់​ឱកាស​ឲ្យ​ទាល់​តែ​សោះ។ ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ត្រូវ​ផុត​កុងត្រា​នៅ​ខែ​មិថុនា​ឆ្នាំ​ក្រោយ​ដែរ បែប​នេះ​គេ​អាច​នឹង​ចាកចេញ​ទៅ​ក្លឹប​រួម​លីគ​ដទៃ​ណា​មួយ​ក៏​ថា​បាន​នៅ​សប្តាហ៍​ខាង​មុខ។

៣) Memphis Depay


រដូវ​ក្តៅ​ឆ្នាំ​ទៅ​ប៊ិះ​តែ Barcelona យក​បាន​ហើយ តែ​ចុងក្រោយ​បរាជ័យ​ព្រោះ Lyon កំណត់​តម្លៃ​ខ្ពស់​ជ្រុល។ យ៉ាងណាមិញ​មក​ទល់​ពេល​ចុង​ក្រោយ​នៅ​តែ​មាន​ដំណឹង​ថា អ្នក​មាន​បុណ្យ​មិន​បោះបង់​ឡើយ ហើយ​នឹង​បន្ត​ចរចា ស្រប​ពេល​ដែល​ក្លឹប​បារាំង PSG ក៏​ទើប​តែ​ដាក់​ចិត្ត​តាម​ឃ្លាំមើល​ដូច​គ្នា។

២) Paul Pogba


ដូច​ការ​បញ្ជាក់​របស់ Mino Raiola ដែល​ជា​ភ្នាក់ងារ ​គឺ​អនាគត​របស់ Paul Pogba ជាមួយ Manchester United បាន​ដើរ​ដល់​ផ្លូវ​បញ្ចប់​ហើយ ពោល​គ្មាន​ដំណោះស្រាយ​ល្អ​អ្វី​ទៀត​នោះ​ឡើយ។ ក្លឹប Real Madrid និង Juventus គឺ​ជា​គោលដៅ​ធំ ២ ដែល​អាច​នឹង​ចរចា​យក​កីឡាករ​បារាំង​នៅ​ខែ​មករា​ខាង​មុខ។

១) Lionel Messi


រឿងរ៉ាវ​របស់ Messi ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក ដរាប​ណា​មិន​ទាន់​មាន​ការ​សម្រេច​ច្បាស់ការ​ថា​កីឡាករ​អាហ្សង់ទីន​នឹង​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី ឬ​សម្រេច​ចិត្ត​ចាកចេញ។

មតិ​ភាគ​ច្រើន​គេ​ជឿ​ថា M10 រង់ចាំ​ដល់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្លឹប​ថ្មី​រួចរាល់​សិន ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៤ ​មករា​ ហើយ​លោក​ចាំ​មើល​តើ​នរណា​ដែល​នឹង​ឡើង​កាន់​តំណែង​នោះ សឹម​សម្រេច​ពី​អនាគត​ខ្លួន​ក៏​មិន​ទាន់​ហួស​ពេល ណា​មួយ​កាលបរិច្ឆេទ​បិទ​ទីផ្សារ​ដោះដូរ​គឺ​នៅ​ថ្ងៃ​ទី ១ ​កុម្ភៈ​ឯ​ណោះ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT