អ្នកចាត់ការ Lopetegui របស់ក្រុម Real Madrid ដឹងច្បាស់ថាក្រុមរបស់ខ្លួនមានកាតព្វកិច្ច ឈ្នះពានរង្វាន់គ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ព្រោះនេះជាគោលដៅរបស់ក្លឹបរាល់ឆ្នាំ។
ក្រុម Real Madrid បានទៅដល់ក្រុង Tallinn ប្រទេសអេស្ដូនីហើយ ដើម្បីត្រៀមប្រកួតពានរង្វាន់បើករដូវកាល EUFA Super Cup ជាមួយក្រុម Atletico Madrid នៅយប់ស្អែកនេះ។ មុនការប្រកួតនេះ ចាប់ផ្ដើមលោក Lopetegui អ្នកចាត់ការថ្មីរបស់ក្លឹប Real Madrid ដឹងច្បាស់ពីការងាររបស់ខ្លួន ដោយត្រូវដឹកនាំក្រុមឈ្នះពានរង្វាន់ឱ្យបានជាដាច់ខាត។
អតីតគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញខាងលើបាននិយាយថា៖ “គ្មានសម្ពាធអ្វីឡើយសម្រាប់ក្រុមក្នុងការលេងទល់ Atletico Madrid ។ យើងនឹងផ្ដល់គ្រប់យ៉ាងសម្រាប់ពាននេះ។ ក្លឹបបានផ្ដល់គ្រប់យ៉ាងឱ្យយើងសម្រាប់ការងារដឹកនាំក្រុម ដូច្នេះហើយយើងនឹងប្រឹងឱ្យអស់ពីសមត្ថភាពនាំភាពជោគជ័យឱ្យក្លឹបវិញ។ ការងាររបស់យើង គឺត្រូវឈ្នះពានរង្វាន់គ្រប់យ៉ាងដែលយើងលេង”៕ប្រភព៖ MARCA