Liverpool ចុច​ឈ្មោះ​កង់​ស្រកួរ​មួយ​ហើយ​ស្រេច បើ Salah ​ចង់​ដើរ​ដល់​ផ្លូវ​បែក

ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា គ្មាន​បំណង​ចង់​បោះបង់ Mohamed Salah នោះ​ទេ ហើយ​មាន​តែ​គិត​អំពី​ផែនការណ៍​បន្ត​កុងត្រា​ថ្មី​ ប៉ុន្តែ​នៅ​លក្ខខណ្ឌ​បើ​សាមី​ខ្លួន​មាន​ចិត្ត​ចង់​បែក នោះ​ពួក​គេ​ក៏​មិន​ហាមឃាត់​ច្រើន​ដែរ ​ព្រោះ​មាន​អ្នក​ជំនួស​គ្រោង​ទុក​រួច​ហើយ។

បញ្ជាក់​ថា កុងត្រា​របស់​កីឡាករ​អេហ្សីប​ជាមួយម្ចាស់ដី Anfield នៅ​សេសសល់​ដល់​ឆ្នាំ ២០២៣ ​ក្រោយ​ពី​បាន​រួម​ជើង​អស់​រយៈ​ពេល ៣ ឆ្នាំ និង​រក​បាន ១១០ គ្រាប់។

តាម​របាយការណ៍​ពី​សារព័ត៌មាន Goal ចុះ​ផ្សាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp កំពុង​ដំណើរការ​កិច្ច​បន្ត​កុងត្រា​ថ្មី​ជាមួយ Salah ដោយ​ក្នុង​នោះ​ចង់​ផ្តល់​ជូន​តម្លៃ​ពលកម្ម​ខ្ពស់​ដាច់​គេ​នៅ​ក្របខ័ណ្ឌ Premier League ខណៈ​សាមី​ខ្លួន​យល់​ព្រម​ឬ​អត់ យើង​មិន​ទាន់​ដឹង​ច្បាស់​នោះ​ទេ។

ប្រសិន​ណា Salah មិន​យល់​ព្រម​ទេ​នោះ ក្លឹប Liverpool នឹង​បង្វែរ​ទៅ​ចរចា​នាំ​យក​កីឡាករ​ថ្មី​ចូល​ក្រុម នោះ​គឺ​ Jack Grealish របស់​ក្លឹប Aston Villa។

សម្រាប់​កីឡាករ​វ័យ ២៥ ឆ្នាំ​របស់​អង់គ្លេស គេ​អាច​លេង​បាន​ទាំង​នៅ​តំណែង​បម្រើ​ប្រយុទ្ធ ក៏​ដូច​ជា​ស្លាប​ឆ្វេង/ស្តាំ ហើយ​តម្លៃ​ខ្លួន​បច្ចុប្បន្ន​ថ្លៃ​ប្រមាណ ៥០ លាន​អឺរ៉ូ។ កន្លង​មក​ប្រធាន​ក្រុម​នៅ​ហង្ស Jordan Henderson ក៏​បាន​កោត​សរសើរ​មិន​ដាច់​ពី​មាត់ ថា Grealish ជា​កីឡាករ​លេចធ្លោ​នៅ Premier League សម្រាប់​ឆ្នាំ ២០២០ ផង​ដែរ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT