បិសាចក្រហម Manchester United មានទំនុកចិត្តថាអ្នកចាំទី David de Gea នឹងចុះកុងត្រាថ្មីជាមួយក្លឹប ដែលនឹងធ្វើឱ្យគេក្លាយជាកីឡាករអ្នកចាំទីមានប្រាក់ឈ្នួលច្រើនជាងគេនៅលីគអង់គ្លេស។
កុងត្រាចាស់របស់ De Gea នឹងផុតនៅចប់រដូវកាលថ្មីនេះហើយ ប៉ុន្តែបិសាចក្រហមមានទំនុកចិត្តខ្ពស់ថាអ្នកចាំទីរបស់ខ្លួន នឹងបន្ដនៅ Old Trafford ទៀត ហើយកុងត្រាថ្មីនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយអាចនឹងបន្ដរហូតដល់ឆ្នាំ២០២០ ជាមួយតម្លៃពលកម្មថ្មីដែរ រហូតដល់ជាង២សែនផោនក្នុង១សប្ដាហ៍។ ដូច្នេះ ប្រសិនបើកុងត្រាថ្មីពិតជាធ្វើឡើងតាមប្រាក់ពលកម្មនេះមែន នោះ De Gea នឹងក្លាយជាអ្នកចាំទីមានប្រាក់ពលកម្មច្រើនជាងគេបំផុតនៅអង់គ្លេសហើយ។
អ្នកចាំទីជម្រើសជាតិអេស្ប៉ាញខាងលើនេះ ត្រូវបានក្លឹបជាច្រើនចង់បាន ជាពិសេស Real Madrid ដែលតាមទិញតាំងពីរដូវកាលមុន។ យ៉ាងណាមិញ បិសាចក្រហមព្យាយាមខ្លាំងណាស់ ទើបអាចរក្សា De Gea នេះបាន ហើយចំពោះកុងត្រាថ្មីខាងលើវិញ គេរំពឹងថាក្លឹបនឹងប្រកាសក្នុងពេលឆាប់ៗនេះ៕ប្រភព៖ DailyMail