ក្លឹបព្រះខ័នរាជស្វាយរៀង ពន្យល់ពីការចែកផ្លូវជាមួយកីឡាកររបស់ខ្លួន

លោក Christopher Grant អ្នកចាត់ការទូទៅក្លឹបព្រះខ័នរាជស្វាយរៀងលើកឡើងថា កីឡាករសំខាន់ៗមួយចំនួនរបស់ខ្លួនបានចាកចេញទៅបន្តអាជីពបាល់ទាត់នៅក្លឹបផ្សេងៗ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា គឺជាការផ្តល់ឱកាសឱ្យពួកគេមានបទពិសោធន៍ថ្មីៗ និងការប្រកួតឱ្យកាន់តែច្រើនជាងមុន។

អ្នកចាត់ការរូបនេះពន្យល់ថា កីឡាករកើតចេញពីថ្នាលយុវជន និងធ្លាប់ជួយក្លឹប ព្រះខ័នរាជស្វាយរៀងកន្លងមក ដូចជាកីឡាករ នេន សុធារដ្ឋ, អោម ឧត្តម, នុប តុលា ដែលកំពុងបន្តលេងនៅក្លឹបដទៃទៀតនេះ គឺពួកយើងបានពិភាក្សាគ្នារួចរាល់ហើយថា នេះជាពេលពួកគេត្រូវផ្លាស់ប្ដូរ និងបន្តរកការប្រកួតប្រជែងថ្មីក្នុងអាជីពរបស់ពួកគេ។ ពួកគេបានរួមចំណែកឈ្នះជើងឯកយ៉ាងច្រើននាពេលកន្លងមក។

លោកបន្ថែមថា ព្រះខ័នរាជស្វាយរៀងមានកីឡាករល្អៗយ៉ាងច្រើន ហើយអ្នកដែលខិតខំប្រឹងប្រែងនឹងមានឱកាសបង្ហាញខ្លួន មិនថា អ្នកមានបទពិសោធ ឬយុវជន ដែលស្ថិតក្នុងការបណ្តុះបណ្តាលនោះទេ។ នេន សុធារដ្ឋ, នុប តុលា និងអោម ឧត្តម ធ្លាប់រួមរស់ជាមួយព្រះខ័នរាជស្វាយរៀងតាំងពីតូចៗ ហើយក៏ធ្លាប់ជាប់ជម្រើសជាតិផងដែរ។ ក្រុមជើងឯកពីរដូវកាលលីគកំពូលកម្ពុជានេះបានប្រកាសចែកផ្លូវជាមួយកីឡាករ ឈិន ឈឿន និង ខេង លីហៀង និងកីឡាករបរទេសដូចជា Thiago, Pedro, Jonny Campbell ហើយបាននាំចូលកីឡាករថ្មីៗចំនួន៦នាក់បន្ថែម គឺសួន សុវណ្ណ, នី សុខរី, មិន រតនៈ, ត្រាយ វិចិត្រ, គឹម សុខយុទ្ធ និងឃៀង ម៉េងហួរ ដើម្បីត្រៀមរដូវកាលថ្មី ២០២១។

ក្រុមព្រះខ័នរាជស្វាយរៀង គឺជាក្រុមរងជើងឯកលីគកំពូលកម្ពុជា រដូកាល ២០២០ បន្ទាប់ពីឆ្លងកាត់១៧ប្រកួត ឈ្នះ១៣ប្រកួត ស្មើ២ប្រកួត និងចាញ់២ប្រកួតមាន មាន៤១ពិន្ទុ ខណៈក្រុមជើងឯកបានទៅលើក្រុម បឹងកេត ដែលមាន៤១ពិន្ទុដែរ ដោយគិតលើរូបមន្ត Head-to-Head ស្របពេលដែលភ្នំពេញក្រោនដណ្តើមបាន ចំណាត់ថ្នាក់លេខ៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT