Messi ថា​មិន​ខ្វល់​ពី​ពាន Pichichi ទេ តែ​ប្ដូរផ្ដាច់​ចង់​ជួយ​ក្រុម​ឈ្នះ​ពាន La Liga ជាង

កីឡាករ Lionel Messi ទើប​តែ​ប្រកាស​ក្លាយ​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់ Pichichi Trophy កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​វា​ជា​លើក​ទី ៧ សម្រាប់​លោក​ហើយ។ នេះ​ជា​ពាន​ដែល​ប្រគល់​ជូន​សម្រាប់​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ដាច់​គេ​ប្រចាំ​ឆ្នាំ​នៅ​លីគ​កំពូល​អេស្ប៉ាញ។

សួរនាំ​ថា Messi ចង់​បាន​ពាន​នោះ​លើក​ទី ៨ ឬ​អត់ លោក​បាន​ឆ្លើយ​យ៉ាង​ច្បាស់​ថា បើ​អាច​សូម​ប្តូរ​ទៅ​ជា​ពាន La Liga ជា​លក្ខណៈ​រួម​ជាមួយ Barcelona វិញ ព្រោះ​លោក​មិន​ផ្តោត​ខ្លាំង​លើ​ពាន Pichichi ឡើយ។

ប្រាប់​សារព័ត៌មាន Marca ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​និយាយ៖ “ពាន Pichichi លើក​ទី ៨? ខ្ញុំ​មិន​ដឹង​ទេ​ឬ​អាច​ថា​ខ្ញុំ​មិន​គិត​អំពី​វា ព្រោះ​វា​មិន​ជា​អ្វី​ដែល​ខ្ញុំ​ផ្តោត​សំខាន់​ទេ ដោយ​ខ្ញុំ​ចង់​ឈ្នះ​ពាន La Liga ច្រើន​ជាង ហើយ​ពួក​យើង​កំពុង​តែ​ខិតខំ​ដើម្បី​ទៅ​ដល់​ចំណុច​នោះ​ហើយ”។

លោក​បន្ថែម៖ “យើង​មាន​ការ​អភិវឌ្ឍ​រាង​យឺតយ៉ាវ​បន្តិច ហើយ​ជួប​បញ្ហា​មួយ​ចំនួន​នៅ​ការ​ប្រកួត​ក្នុង​លីគ ឬ​ពេល​ខ្លះ​យើង​មិន​សម​នឹង​ត្រូវ​បាត់បង់​ពិន្ទុ តួ​យ៉ាង​ដូច​ជា​ប្រកួត​កាល​ប៉ះ Alaves, Getafe, Real Madrid…. ព្រោះ​យើង​បង្កើត​ឱកាស​ច្រើន​ណាស់ ​បែប​នេះ​យើង​ត្រូវ​តែ​ខំ​ប្រឹង​រួម​គ្នា​ដើម្បី​ទាញ​ក្រុម​ឲ្យ​មក​ឈរ​ចំណាត់ថ្នាក់​កំពូល​វិញ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT