ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski មុនផ្ទេរមកចូលរួមនៅក្លឹប Bayern Munich លោកក៏ធ្លាប់ជាអតីតកីឡាករនៅក្លឹប Borussia Dortmund ហើយកំឡុងពេលរួមអាជីពនៅទីនោះ លោកក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹបយក្សនៅអង់គ្លេសមួយផងដែរ។
នោះគឺនៅឆ្នាំ ២០១២ ក្លឹបម្ចាស់ដី Old Trafford ដែលស្ថិតក្រោមការដឹកនាំដោយអ្នកចាត់ការលោក Sir Alex Ferguson បានចរចាចង់នាំយក Lewandowski មកក្របខ័ណ្ឌ Premier League ប៉ុន្តែចុងក្រោយត្រូវបានក្លឹបអាណាព្យាបាល Dortmund ធ្វើការរារាំងផ្លូវ។
ខ្សែប្រយុទ្ធឈ្នះពាន The Best ឆ្នាំ ២០២០ បាននិយាយប្រាប់សារព័ត៌មាន France Football កន្លងទៅនេះថា៖ “នៅឆ្នាំទីពីររបស់ខ្ញុំជាមួយ Dortmund ខ្ញុំបានជជែកជាមួយ Sir Alex Ferguson ដោយគាត់ចង់ឲ្យខ្ញុំទៅចូលរួមនៅ Manchester”។
លោកបន្ថែមទៀតថា៖ “ខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ ដោយអាចថា ខ្ញុំបានត្រៀមខ្លួនរួចហើយក៏ថាបាន តែក្លឹប Dortmund មិនអនុញ្ញាតឲ្យខ្ញុំចាកចេញ យ៉ាងណាមិញការរាំងស្ទះនេះពុំបានធ្វើឲ្យខ្ញុំតូចចិត្តអ្វីឡើយ ព្រោះទំនាក់ទំនងរវាងខ្ញុំនិងក្លឹប Borussia គឺល្អខ្លាំងពេលនោះ”។
បញ្ជាក់ថា ក្រោយមកកីឡាករប៉ូឡូញក៏បានចាកចេញនៅឆ្នាំ ២០១៤ ដោយផ្ទេរមកក្លឹបគូប្រជែង Bayern Munich ហើយរួមជើងដល់ពេលបច្ចុប្បន្ន។ ជាមួយក្លឹបចុងក្រោយ Lewandowski បង្ហាញខ្លួន ៣០៧ ប្រកួតហើយ ដោយរកបាន ២៦៦ គ្រាប់ និងនៅរដូវកាលនេះកំពុងនាំមុខតំណែង Top Scorer ទៀតផង៕
ប្រភព៖ Goal