សល់​ ២ ក្រុម​ ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ “ចាញ់” និង ១ ក្រុមមិនស្គាល់ពាក្យថា “ឈ្នះ” នៅលីគកំពូលអឺរ៉ុប

នៅ​ក្របខ័ណ្ឌ​កំពូល​ទាំង ៥ ប្រចាំ​តំបន់​អឺរ៉ុប នា​រដូវ​កាល ២០២០/២១ ហាក់​មាន​ការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍។

ក្រុម​ខ្លះ​ក៏​រក​ឃើញ​តំបន់​សុវត្ថិភាព​របស់​ខ្លួន​ជា​បណ្តើរៗ ខណៈ​ក្រុម​ខ្លះ​ទៀត​ដែល​រង​បរាជ័យ​ឥត​ឈប់ ​ក៏​កំពុង​ភ័យព្រួយ​ ខ្លាច​ធ្លាក់​ទៅ​តំបន់​ដែល​ត្រូវ​កាត់​ឈ្មោះ​នៅ​បញ្ចប់​រដូវ​កាល។ បង្វែរ​ទៅ​ជ្រុង​មួយ ​អ្នក​ដឹង​ទេ​ថា​គិត​ត្រឹម​ពាក់​កណ្តាល​រដូវ​កាល​នេះ តើ​ក្រុម​ណា​ខ្លះ​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់”?

រាប់​នៅ​លីគ​កំពូល​ទាំង ៥ មាន Premier League, La Liga, Serie A, Ligue 1 និង Bundesliga គឺ​មាន​តែ ២ ក្រុម​ប៉ុណ្ណោះ ដែល​ទទួល​លទ្ធផល​ឈ្នះ និង​ស្មើ​គ្រប់​ការ​ប្រកួត ហើយ​មិន​ទាន់​ស្គាល់​បរាជ័យ។

នោះ​គឺ​ក្រុម​រួម​លីគ​តែ​មួយ មាន​ដូច​ជា AC Milan និង Juventus។ សម្រាប់​ក្រុម​ដឹកនាំ​ដោយ​លោក Stefano Piolli នៅ ១៣ ប្រកួត ឈ្នះ ៩ ស្មើ ៤ មាន ៣១ ពិន្ទុ ​កំពូល​ឈរ​កំពូល​តារាង Serie A ​រី​ឯ​ក្រុម​ដឹកនាំ​ដោយ​លោក Andrea Pirlo នៅ ១៣ ប្រកួត ឈ្នះ ៧ ស្មើ ៦ មាន ២៧ ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៣។

ដោយឡែក​បើ​បង្វែរ​ទៅ​ក្រុម​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ឈ្នះ” វិញ គឺ​មាន​តែ ១ ប៉ុណ្ណោះ នោះ​គឺ Sheffield United ដែល​កំពុង​ឈរ​នៅ​បាត​តារាង​ក្របខ័ណ្ឌ Premier League ក្រោយ ១៤ ប្រកួត ស្មើ ២ ចាញ់ ១២ មាន​តែ ២ ពិន្ទុ​គត់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT