កាល​នៅ​ក្រ ម្ដាយ Rashford ​ជា​អ្នក​សម្អាត​ផង លាន​ចាន​ផង ពេល​ខ្លះ​ស៊ូ​អត់​បាយ​ឲ្យ​តែ​កូន​ឆ្អែត

Marcus Rashford មុន​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ទល់​សព្វថ្ងៃ​នេះ ​កាល​ពី​អតីតកាល​គេ​ក៏​ធ្លាប់​ជា​ក្មេង​ក្រ​ខ្សត់ ​និង​គ្រួសារ​ខ្វះ​ភាព​កក់ក្ដៅ ព្រោះ​ដោយសារ​ឪពុកម្ដាយ​របស់​គេ​រស់នៅ​បែកខ្ញែក​ពី​គ្នា។

ជីវិត​កាល​នៅ​កុមារភាព​ Rashford រស់នៅ​ជាមួយ​ម្ដាយ​និង​បងប្អូន​បង្កើត ២ រូប​ឯ​ទៀត។ ម្ដាយ​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស មាន​ឈ្មោះ Melanie Maynard ហើយ​កន្លង​ទៅ​នេះ ​លោក​ស្រី​បាន​ជីកកកាយ​ដល់​រឿងរ៉ាវ​កម្សត់​កាល​នៅ​ខ្វះខាត មុន​នឹង​ទទួល​បាន​ជីវិត​ដ៏​ស្រស់បំព្រង​ដូច​សព្វថ្ងៃ។

ប្រាប់​នៅ​កិច្ច​សម្ភាសន៍​ជាមួយ BBC អ្នក​ស្រី Melanie មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​បារម្ភ​ខ្លាំង​ជាង​គេ គឺ​ខ្លាច​គ្មាន​អ្វី​ឲ្យ​កូនៗ​របស់​ខ្ញុំ​បរិភោគ ហើយ​ពេល​ខ្លះ​ទៅ​នៅ​ផ្ទះ​របស់​យើង​មិន​មាន​នំប៉័ង​គ្រប់គ្រាន់​ទេ ​ដោយ​មាន​ពេល​ខ្លះ​ពួក​គេ​ធ្លាប់​សួរ​ខ្ញុំ​ថា ម៉ាក់​បាន​អាហារ​ចូល​ពោះ​ហើយ​ឬ​នៅ? ខ្ញុំ​ក៏​ឆ្លើយ​វិញ​ថា ម៉ាក់​ញុាំ​ហើយៗ ទាំង​ដែល​ការ​ពិត​ខ្ញុំ​មិន​ទាន់​បាន​បរិភោគ​អ្វី​ទាំង​អស់”។

អ្នក​ស្រី​បន្ត​ទៀត​ថា៖ “កាល​នោះ​ខ្ញុំ​បម្រើ​ការ​ជា​អ្នក​ចេញ​បុង​នៅ​ហាង​ផ្តល់​សេវាកម្ម​កម្សាន្ត Ladbrokes ហើយ​ក៏​ជា​អ្នក​បោសសម្អាត​នៅ​ទី​នោះ​ដែរ និង​ឆ្លៀត​ពេល​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​ខ្ញុំ​ទៅ​លាន​ចាន​ឲ្យ​គេ ពោល​គឺ​ធ្វើ​បែប​ណា​ឲ្យ​តែ​កូនៗ​របស់​ខ្ញុំ​អាច​រស់រាន​បន្ត​ទៅ​ទៀត”។

“លុះ​មក​ទល់​ពេល​នេះ Rashford គេ​មាន​លទ្ធភាព​អាច​ផ្តល់​ផ្ទះ​រស់នៅ​ស្រួល​មួយ​ឲ្យ​ខ្ញុំ ហើយ​ជួន​ខ្លះ​ទៅ​ខ្ញុំ​អង្គុយ​សុខៗ​ក៏​ស្រក់​ទឹក​ភ្នែក នៅ​ពេល​ដែល​គិត​ដល់​ចំណុច​ចាប់ផ្តើម​នៃ​ជីវិត មុន​យើង​អាច​ឈាន​មក​ដល់​ចំណុច​នេះ”។

គួរ​បញ្ជាក់​ថា ការ​ខិតខំ​និង​ភាព​អំណត់​អត់ធន់​របស់​ម្តាយ ទី​បំផុត​ក៏​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​កូន​ប្រុស​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​ក្នុង​វិស័យ​កីឡា​បាល់ទាត់ នោះ​គឺ Marcus Rashford ​ប្រែ​ក្លាយ​ជា​កីឡាករ​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​នៅ​លីគ​កំពូល​អឺរ៉ុប និង​បច្ចុប្បន្ន​ត្រឹម​តែ​ថ្លៃ​ពលកម្ម​មួយ​សប្តាហ៍ គេ​អាច​កើប​លុយ​ចូល​ហោប៉ៅ​ដល់​ជាង ២៧ មុឺន​ដុល្លារ ហើយ​ល្ហៀងៗ​ថា​ត្រៀម​បាន​កុងត្រា​ថ្មី​ជាង ៤០ មុឺន​ដុល្លារ/សប្តាហ៍​ទៀត​ផង៕

ប្រភព៖ TheSun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT