កីឡាករ ៦ រូប ​ស្ម័គ្រស្មោះ​ដើរ​តាម​គន្លង​ចាស់​របស់​ឪពុក ដែល​សុទ្ធ​តែ​ធ្លាប់​ជា​បុគ្គល​ជោគជ័យ

អាជីព​ជា​កីឡាករ​បាល់ទាត់ ក៏​មិន​ខុស​ពី​អាជីព​មួយ​ចំនួន​ផ្សេង​ទៀត ដោយ​មាន​ពេល​ខ្លះ​អាច​ត​កូន​ត​ចៅ​បន្ត​គ្នា​ជា​ច្រើន​ជំនាន់ សំខាន់​ឲ្យ​តែ​ពួក​គេ​មាន​សមត្ថភាព លាយឡំ​នឹង​ទេពកោសល្យ​ពី​កំណើត។

តើ​អ្នក​ធ្លាប់​ស្គាល់​ជើង​ចាស់​រូប​ណា​ខ្លះ ដែល​មាន​កូន​ស្នង​តំណែង​ជា​កីឡាករ​បាល់ទាត់ ហើយ​ហែលកាត់​ការ​លេង​ឲ្យ​ក្លឹប​ក្លឹប​ដូច​ជា​ឪពុក​របស់​គេ? ត​ទៅ​នេះ​ទំព័រ CTS Sports សូម​បង្ហាញ​ឈ្មោះ​ទាំង ៦ ដូច​ខាង​ក្រោម៖​

Justin Kluivert មាន​អាយុ ២១ ឆ្នាំ បច្ចុប្បន្ន​កំពុង​លេង​នៅ​តំណែង​ប្រយុទ្ធ ឲ្យ​ក្លឹប RB Leipzig ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។ ប៉ុន្តែ​នៅ​ចំណុច​ចាប់ផ្តើម គេ​បាន​ដើរ​តាម​គន្លង​ឪពុក​គឺ​អតីត​ជើង​ចាស់​លោក Patrick Kluivert ដោយ​បាន​ទៅ​អភិវឌ្ឍ​ខ្លួន​ជាមួយ​ក្លឹប Ajax អស់​រយៈ​ពេល​ជាង ៤ ឆ្នាំ។

Isaac Drogba ​មាន​អាយុ ២០ ឆ្នាំ ​បច្ចុប្បន្ន​កំពុង​លេង​នៅ​តំណែង​ប្រយុទ្ធ ឲ្យ​ក្លឹប Guingamp ​ហើយ​អ្នក​ប្រហែល​ជា​ដឹង​មុន​ហើយ​ថា Isaac គឺ​ជា​កូន​បង្កើត​របស់​អតីត​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប​តោ​ខៀវ Chelsea នោះ​គឺ Didier Drogba។ ជា​ការ​ពិត​ឪពុក​របស់ Isaac កាល​នៅ​ជា​កីឡាករ​ក៏​ធ្លាប់​ទៅ​លេង​ឲ្យ​ក្លឹប​នៅ​ប្រទេស​បារាំង​ខាង​លើ​ដែរ ជាមួយ​តម្លៃ​ផ្ទេរ​ចេញ​ប្រមាណ ៨០ ០០០ ផោន។

Jordan Larsson ​មាន​អាយុ ២៣ ឆ្នាំ ​បច្ចុប្បន្ន​កំពុង​លេង​នៅ​តំណែង​ប្រយុទ្ធ ឲ្យ​ក្លឹប Spartak Moscow ​នៅ​ឯ​ប្រទេស​រុស្ស៊ី។ ប៉ុន្តែ​មុន​បោះ​ជំហាន​មក​ដល់​ចំណុច​នេះ Jordan ក៏​ធ្លាប់​ទៅ​ហ្វឹកហាត់​នៅ​ក្លឹប Hogaborgs ​ដូច​ជា​ឪពុក​របស់​គេ​ដែរ និង​ជាមួយ​ក្លឹប Helsingborg ​ក្នុង​ប្រទេស​ស៊ុយអែត ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ឪពុក​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង។

Federio Chiesa ​មាន​អាយុ ២៣ ឆ្នាំ ​បច្ចុប្បន្ន​កំពុង​លេង​នៅ​តំណែង​ប្រយុទ្ធ ឲ្យ​ក្លឹប Juventus ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។ ប៉ុន្តែ​មុន​ផ្ទេរ​មក​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង Turin ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី ធ្លាប់​បាន​ដើរ​តាម​គន្លង​ឪពុក​ដោយ​ចាយ​ពេល​ ១៣៧ ប្រកួត​នៅ​ក្លឹប Fiorentina។

Daniel Maldini ​មាន​អាយុ ១៩ ឆ្នាំ ​បច្ចុប្បន្ន​កំពុង​លេង​នៅ​តំណែង​បម្រើ ឲ្យ​ក្លឹប AC Milan ហើយ​គេ​គឺ​ជា​កូន​បង្កើត​របស់​ជើង​ចាស់​លោក Paolo Maldini។ ជាមួយ​ក្លឹប AC Milan ​សម្រាប់​ត្រកូល Maldini គឺ​មាន​តាំង​ពី​ជំនាន់​តា​របស់​គេ​គឺ​លោក Cesare មុន​ធ្លាក់​មក​ឪពុក​គឺ​លោក Paolo និង​បច្ចុប្បន្ន​គឺ​ចៅ​ប្រុស​ Daniel។

Kai Wayne Rooney ​មាន​អាយុ ១១ ឆ្នាំ ​ដោយ​ថ្មីៗ​នេះ​គេ​ទើប​តែ​ចុះ​ហត្ថលេខា​មក​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្លឹប Manchester United ដែល​ជា​គន្លង​ក្លឹប​ជោគជ័យ​របស់​ឪពុក​ខ្លួន។ តាម​ពិត​ទៅ Kai ក៏​មាន​ទ្រនំ​ថ្នាល Man City ចង់​បាន​ដែរ តែ​ដោយសារ​ចង់​ដើរ​តាម​ដាន​ចាស់​របស់​ឪពុក ទើប​សម្រេច​ចិត្ត​មក​ចូលរួម​នៅ Man Utd៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT