ក្នុងរាត្រីថ្ងៃអាទិត្យ ទី ១២ ខែ សីហា ម្សិលមិញនេះ ក្រុមបាល់ទាត់បឹងកេត បានយកឈ្នះសិស្សប្អូន វិសាខា បានសម្រេចដោយលទ្ធផល ១-០ គ្រប់គ្រាន់ក្នុងការត្រឡប់ទៅកំពូលតារាងពីលើ ណាហ្គាវើលវិញ។
១គ្រាប់របស់បឹងកេត សម្រេចទីបានដោយកីឡាករជប៉ុន Mizuno Hikaru នៅនាទី ៨២ នៃវគ្គទីពីរ និងក្រោយមករក្សាលទ្ធផលដល់ចប់ការប្រកួត។
ឆ្លើយឆ្លងជាមួយក្រុមការងារ CTS Sport លោក ហៅ សុជាតិ ក្នុងតួនាទីជាគ្រូបង្វឹកបាននិយាយថា៖ « ការពិតទៅ វិសាខាពិតជាក្រុមខ្លាំងមែនទំរង់ប្រយុទ្ឋរបស់គេគឺគ្រោះថា្នក់ណាស់សំរាប់ក្រុមយើង តែគ្រាន់តែគេមិនមានសំណាង តែយើងពិតជាសុំសរសើរដល់កីឡាករទាំងអស់របស់យើងដែលបានប្រឹងប្រែងធ្វើអ្វីដែលយើងបានរៀបចំពេលហ្វឹតហាត់រហូតដល់ទទួលបានជោគជ័យ » ។
គួរំលឹកថា ទោះបីជាក្រុមឈ្នះ ប៉ុន្តែ លោក ហៅ សុជាតិ ពុំបានបង្ហាញខ្លួននៅលើទីលាន ឈរបញ្ជារកីឡាករនោះទេ ដោយលោកបានជាប់ពិន័យរយៈពេល ១ខែ ពីគណៈកម្មាការវិន័យ មិនឱ្យចូលរួមសកម្មភាពបាល់ទាត់។ ការពិន័យមួយនេះ ត្រូវបានគ្រូបង្វឹក Licene B (AFC) សារភាពថា ពុំប៉ះពាល់ដល់ក្រុមឡើយ ព្រោះតែរាល់ពេលហ្វឹកហាត់ និងមុនការប្រកួត ពួកគេតែងតែមានការពិភាក្សាគ្នាយ៉ាងល្អ និងកីឡាករអាចធ្វើតាមអ្វីដែលគាត់បានរៀបចំទុក ។
ជាការពិត បច្ចុប្បន្ន បឹងកេត ឈរកំពូលតារាង មាន ៤២ពិន្ទុ តាមពីក្រោយដោយគូប្រជែង ណាហ្គាវើល ៤១ពិន្ទុ និង វិសាខា ៣៨ពិន្ទុ ។
គ្រាដែលស្ថានភាពពិន្ទុកំពុងតែប្រកៀកប្រកិតគ្នា នៅចុងសប្តាហ៍នេះ បឹងកេត និងណាហ្គាវើល ក៏ត្រូវបានប៉ះគ្នាសម្រាប់ប្រកួតសប្តាហ៍ទី ១៨ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ វេលាម៉ោង ៣រសៀល ៕