Klopp៖ “គ្រាប់​បាល់​របស់ Son មើល​យ៉ាង​ម៉េច​ក៏​នៅ​តែ​ជា​បាល់ Offside”

Tottenham បាន​រង​បរាជ័យ​នៅ​ឯ​កីឡដ្ឋាន Anfield ក្រោម​លទ្ធផល ១-២ ហើយ​ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​ក្រុម​ទាំង​ពីរ​បាន​បង្ហាញ​ការ​យល់​ឃើញ​ខុសៗ​គ្នា។

មួយ​គ្រាប់​របស់ Spurs ជា​ការ​សម្រេច​ទី​ដោយ Son Heung-min ដែល​ធ្វើ​បាន​ក្រោយ ៧ នាទី​នៃ​ការ​ស៊ុត​របស់ Mohamed Salah។ យ៉ាងណាមិញ​លោក Jurgen Klopp បាន​បង្ហាញ​ការ​យល់​ឃើញ​ថា គ្រាប់​បាល់​របស់​កីឡាករ​កូរ៉េ​ខាង​ត្បូង លោក​មើល​ឃើញ​នៅ​តែ​ជា​បាល់ Offside។

បើ​ទោះ​បី​ជា​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ដោយ​ប្រព័ន្ធ VAR ហើយ​ក្តី ប៉ុន្តែ Klopp នៅ​មិន​អស់​ចិត្ត ដោយ​និយាយ​ថា៖ “សម្រាប់​ខ្ញុំ​វា​នៅ​តែ Offside [គ្រាប់​បាល់​របស់ Son] ទោះ​ពួក​គេ​មើល ២០ ដង​ថា​មិន​អី តែ​ខ្ញុំ​មើល​ម្តង ក៏​នៅ​តែ​មើល​ឃើញ​ថា Offside ដែរ”។

លោក​បន្ថែម​ទៀត​ថា៖ “គ្មាន​នរណា​ដែល​ត្រូវ​បន្ទោស​ក្នុង​ការ​ប្រកួត​នេះ ហើយ​បើ​យើង​ចង់​ការពារ​ឲ្យ​បាន​ល្អ​បំផុត ពេល​លេង​ទល់ Tottenham នោះ​លុះត្រា​តែ​បាល់​ជាប់​ជើង​យើង​រហូត”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT