គូ​ស្នេហ៍​ស្មោះស្ម័គ្រ​មួយ​គូ ជា​អ្នក​គាំទ្រ​ Fenerbahce កាន់​ឆ្នាំ ពេល​នេះ​សល់​តែ​រូប​ថត

ក្លឹប​កំពូល Fenerbahce របស់​ប្រទេស​ទួរគី ថ្មីៗ​នេះ​បាន​បង្ហាញ​សកម្មភាព​គួរ​ឲ្យ​គោរព​ ជុំវិញ​ការ​ឧទ្ទិស​ដល់​វិញ្ញាណ.ក្ខន្ធ​របស់​អ្នក​គាំទ្រ​ស្ម័គ្រស្មោះ​ពីរ​រូប​ដែល​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា។

នោះ​គឺ​លោក​តា Mumtaz Amca និង​លោក​យាយ Ihsan Teyze ដែល​កាល​នៅ​រស់​អ្នក​ទាំង​ពីរ​ជា​អ្នក​គាំទ្រ​កាន់​ឆ្នាំ​របស់​ក្លឹប Fenerbahce ហើយ​រៀងរាល់​ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន Sukru Saracoglu ក្នុង​ទីក្រុង Istanbul គឺ​កម្រ​អវត្តមាន​ពួក​គាត់​ណាស់ ប៉ុន្តែ​សោកស្ដាយ​មក​ទល់​ពេល​នេះ​អ្នក​ទាំង​ពីរ​បាន​ទទួល​មរណភាព​ហើយ។

ជា​ការ​គោរព​ដឹងគុណ​ដល់​ទំហំ​ចិត្ត​គាំទ្រ​របស់​គូ​ស្នេហ៍​ស្ម័គ្រស្មោះ​ខាង​លើ ​ក្លឹប​ដែល​កំពុង​ឈរ​លេខ​ ៣ នៅ​ Super Lig ​បាន​ធ្វើការ​កាត់​នៅ Cardboard ​នៃ​រូបភាព​របស់​អ្នក​ទាំង​ពីរ​មក​តម្កល់​ក្បែរ​គ្នា​នៅ​ឯ​កៅអី​ក្នុង​កីឡដ្ឋាន ហើយ​បង្កើត​ចេញ​ជា​វីដេអូ​អម Caption បែប​នេះ​ថា៖ “អ្នក​មីង Ihsan និង​លោក​ពូ Mumtaz គឺ​នឹង​នៅ​ជាមួយ​ពួក​យើង​គ្រប់​ការ​ប្រកួត​រៀង​រហូត​ទៅ អ្នក​នឹង​ស្ថិត​ក្នុង​បេះដូង​របស់​យើង ហើយ​ពួក​យើង​នឹង​មិន​អាច​បំភ្លេច​អ្នក​បាន​ឡើយ”។

ផ្សាភ្ជាប់​នឹង​វីដេអូ​ខាង​លើ ក៏​មាន​ប្រភព​រូបភាព​ចាក់ដោត​មួយ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់​រំជួល.ចិត្ត​ជា​ខ្លាំង ​នោះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា​នៅ​ឆ្នាំ ២០១៤ និង ២០១៥ អ្នក​ទាំង​ពីរ​មាន​វត្តមាន​មក​គាំទ្រ​ក្លឹប​ដែល​ខ្លួន​ស្រលាញ់​រួម​គ្នា លុះ​រំលង​ដល់​ឆ្នាំ ២០១៦ លោក​តា Mumtaz ក៏​ទទួល​មរណភាព​ ហើយ​បន្សល់​តែ​វត្តមាន​របស់​លោក​យាយ Ihsan និង​ចុង​ក្រោយ​នៅ​ឆ្នាំ ២០២០ នេះ គឺ​គ្រប់​យ៉ាង​ត្រឹម​តែ​ជា​ការ​ចងចាំ ហើយ​បន្សល់​ទុក​ត្រឹម​រូបថត​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT