Mourinho៖ “Son ចង់​ឈរ​ជើង​នៅ Tottenham អស់​មួយ​ជីវិត​ដល់​ចូល​និវត្ត”

កីឡាករ​កូរ៉េ​ខាង​ត្បូង Son Heung-min ​នឹង​មិន​ចាកចេញ​ពី​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង​ទេ ហើយ​គេ​នឹង​បន្ត​ឈរ​ជើង​ដល់​ចូល​និវត្ត។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកចាត់ការ​លោក Jose Mourinho។

ជា​សារ​ឆ្លើយតប​នឹង​ជោគជ័យ​ដែល Spurs កំពុង​ទទួល​បាន​នៅ​ក្របខ័ណ្ឌ Premier League នាម​ជា​ក្រុម​ឈរ​កំពូល​តារាង ហើយ​ត្រៀម​ប៉ះ Liverpool ជា​ក្រុម​លេខ ២ នៅ​ព្រឹក​រំលង​អាធ្រាត្រ​ថ្ងៃ​ស្អែក​នេះ។

Son ដែល​សេសសល់​កុងត្រា​នៅ​ឆ្នាំ ២០២៣ ត្រូវ​បាន​អ្នក​សារព័ត៌មាន​សួរនាំ​ទៅ​កាន់​លោក Mourinho អំពី​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់​គេ​បន្ថែម​ទៀត​ឬ​យ៉ាង​ណា ហើយ​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ឆ្លើយ​ថា៖ “ខ្ញុំ​មិន​មាន​ព័ត៌មាន​អ្វី​ក្នុង​ដៃ​នោះ​ទេ ប៉ុន្តែ​និយាយ​ដោយ​ស្មោះត្រង់​ទៅ​ខ្ញុំ​ជឿជាក់​លើ Sonny និង​លោក Levy [ប្រធាន​ក្លឹប] ចំពោះ​រឿង​នេះ ហើយ​ដឹង​ថា​គេ​នឹង​បន្ត ប្រសិន​ជា​អាច​គឺ​អស់​មួយ​ជីវិត​ដល់​បញ្ចប់​អាជីព​របស់​គេ អ៊ីចឹង​ខ្ញុំ​មើល​ឃើញ​ថា Son នឹង​ចុះ​ហត្ថលេខា​កុងត្រា​ថ្មី​តែ​គ្រាន់​មិនមែន​ពេល​នេះ”។

បញ្ជាក់​ថា Son កំពុង​សហការ​គ្នា​យ៉ាង​ល្អ​ជាមួយ Kane នៅ​តំបន់​ប្រយុទ្ធ និង​ជាប់​ឈ្មោះ​ជា​ដៃ​គូ​បញ្ជូន​បាល់​ឲ្យ​គ្នា​ទៅ​មក​បាន ១២ គ្រាប់​នៅ Premier League ​ដែល​ត្រៀម​បំបែក​កំណត់ត្រា​របស់​អតីត​ជើង​ចាស់​លោក Alan Sherar និង Chris Sutton ទៀត​ផង៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT