Karim Benzema បានបន្ដទម្រង់លេងល្អទៀតនៅយប់មិញនេះ ក្រោយពីរកបាន២គ្រាប់ម្នាក់ឯងជួយក្រុម Real Madrid យកឈ្នះលើក្រុម Athletic Club ក្នុងលទ្ធផល ៣-១។
ក្រោយពីចប់ការប្រកួតនេះទៅ Zidane ដែលជាអ្នកចាត់ការក្រុមបាននិយាយសរសើរកីឡាករបារាំងរូបនេះមិនដាច់ពីមាត់ទេ។ លោកបានអះអាងថា៖ “សម្រាប់ខ្ញុំ គាត់ជាខ្សែប្រយុទ្ធបារាំងល្អបំផុតម្នាក់។ គាត់បានបង្ហាញវានៅក្រុម Real Madrid ជាយូរមកហើយ។ គាត់លេងបានជាង៥០០ប្រកួត រកគ្រាប់បាល់បានជាច្រើន។ កំណត់ត្រារបស់គាត់បានបង្ហាញច្បាស់ហើយ”។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំខាងលើនេះ ចាប់ផ្ដើមលេងកាន់តែល្អឡើង នៅពេល Cristiano Ronaldo បានចាកចេញពីក្រុមទៅកាលពីឆ្នាំ២០១៨កន្លងទៅ។ អំឡុងពេលលេងជាមួយ Real កន្លងមកនេះ រូបគេរកបានជាង២៥០គ្រាប់ហើយ ជាមួយការប្រកួតជាង៥០០ប្រកួត៕ប្រភព Goal