Koeman៖ “Barcelona នៅ​តែ​សង្ឃឹម​ឈ្នះ​ពាន បើ​កីឡាករ​អាច​បញ្ចប់​ទី​ឲ្យ​ច្បាស់​ជាង​ហ្នឹង”

អ្នកចាត់ការ​ក្រុម​ Barcelona លោក Ronald Koeman ហាក់​មិន​បោះបង់​ងាយៗ​នោះ​ទេ ដោយ​នៅ​តែ​សង្កត់​ធ្ងន់​ថា​ឱកាស​ប្រជែង​ពាន La Liga សម្រាប់​ក្រុម​ខ្លួន​នៅ​បន្ត​មាន បើ​ទោះ​បី​ចំណាត់ថ្នាក់​របស់​អ្នក​មាន​បុណ្យ​ពេល​នេះ​ឈរ​នៅ​លេខ ៨ ក៏​ដោយ។

កាល​ពី​យប់​មិញ Barcelona បាន​យក​ឈ្នះ ៣ ពិន្ទុ​ពី Levante ក្រោយ​ការ​រក​គ្រាប់​បាល់​ទី ៥ របស់ Messi នៅ​រដូវ​កាល ២០២០/២១។

ជុំវិញ​ស្ថានភាព​របស់​ក្រុម អ្នកចាត់ការ​សញ្ជាតិ​ហូឡង់​និយាយ​ថា៖ “តាម​ពិត​ទៅ​យើង​នៅ​តែ​អាច​ឈ្នះ​ពាន ប្រសិន​យើង​ពង្រឹង​បន្ថែម និង​មាន​ទំនុក​ចិត្ត​ជាង​នេះ ហើយ​បន្ថែម​ប្រសិទ្ធភាព [នៃ​ការ​បញ្ចប់​ទី] នោះ​គឺ​មាន​ឱកាស ព្រោះ​សេសសល់​ប្រកួត​ច្រើន​ទៀត​ណាស់”។

និយាយ​ដល់​ការ​ធ្លាក់​ទម្រង់​លេង​របស់ M10 អ្នកចាត់ការ​ Koeman នៅ​តែ​លើក​ទឹកចិត្ត​ថា៖ “អ្នក​ត្រូវ​យល់​ថា​គ្រប់​គ្នា​មិន​ឲ្យ Messi ទទួល​បាន​ឱកាស​ងាយៗ​នោះ​ទេ ព្រោះ​គេ​ទទួល​បាន​ការ​រារាំង​ពី​កីឡាករ​ជា​ច្រើន ប៉ុន្តែ Messi ក៏​គេ​នៅ​តែ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​គេ​ដែរ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT