នេះ​កីឡាករ​បាល់ទះ​កម្ពស់​ខ្ពស់​បំផុត​ទាំង ៥ មាន​ម្នាក់​ជា​ជនជាតិ​ថៃ​ពាក់​ស្បែក​ជើង​លេខ ៥៦

នៅ​ក្នុង​វិស័យ​កីឡា​បាល់ទះ កម្ពស់​របស់​កីឡាករ​គឺ​ជា​កត្តា​ដ៏​សំខាន់​បំផុត​មួយ ដោយ​នៅ​ស្តង់ដារ​អន្តរជាតិ​សម្រាប់​បាល់ទះ​ផ្នែក​បុរស​គេ​យក​កម្ពស់ ១,៨៥ ទៅ ២,១០ ម៉ែត្រ រី​ឯ​ផ្នែក​នារី​គេ​យក​កម្ពស់ ១,៧០ ទៅ ១,៩៥ ម៉ែត្រ។

ប៉ុន្តែ​ក៏​មាន​កីឡាករ​ខ្លះ​អាច​មាន​កម្ពស់​ខ្ពស់​ជាង​ការ​កំណត់​ខាង​លើ​ផង​ដែរ ហើយ​ពួក​គេ​រមែង​មាន​ឈ្មោះ​នៅ​កំណត់ត្រា​នាម​កីឡាករ​ខ្ពស់​ដាច់​គេ​ហើយ។ ត​ទៅ​នេះ​ទំព័រ CTS Sports សូម​ណែនាំ​ឲ្យ​ស្គាល់​កីឡាករ​បាល់ទះ​ផ្នែក​បុរស ៥ រូប ដែល​មាន​កម្ពស់​ខ្ពស់​បំផុត៖

៥) Renan Zanatta Buiatti កម្ពស់ ២,១៧ ម៉ែត្រ ទម្ងន់ ១១០ គ.ក ​លោត​ខ្ពស់​ដល់ ៣,៦០ ម៉ែត្រ

កីឡាករ​វ័យ ៣០ ឆ្នាំ​រូប​នេះ ​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប Tours VB របស់​បារាំង និង​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដែល​លេង​តួនាទី​ជា​ អ្នក​វ៉ៃ​ខាង​មុខ (Opposite) ។ ក្នុង​អាជីព​រយៈ​ពេល​ជាង ១០ ឆ្នាំ​របស់​គេ​គឺ​ជោគជ័យ​ខ្លាំង ដោយ​ធ្លាប់​ឈ្នះ​មេដាយ​ជា​ច្រើន​គ្រឿង​នៅ​ជម្រើស​ជាតិ និង​បណ្តា​ក្លឹប​ដែល​គេ​ធ្លាប់​ហែល​កាត់។

៤) Bartlomiej Lemanski កម្ពស់ ២,១៧ ម៉ែត្រ ទម្ងន់ ១១៥ គ.ក លោត​ខ្ពស់​ដល់ ៣,៦៥ ម៉ែត្រ

កីឡាករ​វ័យ ២៤ ឆ្នាំ ចាប់​ផ្តើម​លូត​កម្ពស់​ខ្លាំង​នៅ​ពេល​គេ​មាន​អាយុ ១៣ ឆ្នាំ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​ការ​ស្វែងរក​សំលៀកបំពាក់ ឬ​ស្បែក​ជើង​ជា​ដើម គឺ​ពិបាក​តម្រូវ​ខ្លាំង​ណាស់។ បច្ចុប្បន្ន​គេ​ពាក់​ស្បែក​ជើង​ទំហំ​លេខ ៥០ ហើយ​ក្នុង​អាជីព​បាល់ទះ​គេ​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ នៅ​តួ​នាទី​ជា អ្នក​លោត​បាំង (Middle Blocker)។

៣) Dmitrij Muserskiy កម្ពស់ ២,១៨ ម៉ែត្រ ​ទម្ងន់ ១០៤ គ.ក លោត​ខ្ពស់​ដល់ ៣,៧៥ ម៉ែត្រ

កីឡាករ​វ័យ ៣២ ឆ្នាំ​រូប​នេះ អាច​លេង​បាន​ទាំង​នៅ​តួ​នាទី​ជា​ អ្នក​វ៉ៃ​ខាង​មុខ (Opposite) និង​ អ្នក​លោត​បាំង (Middle Blocker) ហើយ​នៅ​ជម្រើស​ជាតិ​រុស្ស៊ី​លោក​ប្រលូក​អស់​រយៈ​ពេល ១០ ឆ្នាំ​ហើយ។ បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប​បាល់ទះ Suntory Sunbirds ​នៅ​ឯ​ប្រទេស​ជប៉ុន។

២) Wuttichai Suksara ​កម្ពស់ ២,២៤ ម៉ែត្រ ​ទម្ងន់ ១២០ គ.ក លោត​ខ្ពស់​ដល់ ៣,៥០ ​ម៉ែត្

កីឡាករ​សញ្ជាតិ​ថៃ​រូប​នេះ ​ពេល​នៅ​អាយុ ១៣ ឆ្នាំ​មាន​កម្ពស់ ១,៩៨ ម៉ែត្រ​ទៅ​ហើយ។ គេ​ធ្លាប់​ជា​សមាជិក​ដែល​ជួយ​ឲ្យ​ជម្រើស​ជាតិ​ថៃ​ឈរ​លេខ ៧ នៅ​ ASIAN Games ឆ្នាំ ២០១៤។ និយាយ​ដល់​ទំហំ​ស្បែក​ជើង​របស់​ Wuttichai វិញ គឺ​គេ​ពាក់​ស្បែក​ជើង​លេង ៥៦ ឯ​ណោះ។

១) Morteza Mehrzad ​កម្ពស់ ២,៤៦ ម៉ែត្រ

បុរស​វ័យ ៣៣ ឆ្នាំ​រូប​នេះ ជា​បុគ្គល​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​នៅ​ប្រទេស​អ៊ីរ៉ង់ ប៉ុន្តែ​ជា​កីឡាករ​នៅ​ប្រភេទ​បាល់ទះ​បែប​អង្គុយ។ នោះ​ក៏​ដោយសារ​តែ​ Morteza បាន​ជួប​គ្រោះថ្នាក់​កាល​ពី​នៅ​អាយុ ១៦ ឆ្នាំ ​ហើយ​ធ្វើ​ឲ្យ​ជើង​ខាង​ស្តាំ​ឈប់​លូតលាស់ ​ខណៈ​បច្ចុប្បន្ន​ផ្នែក​ជើង​ខាង​ស្តាំ​របស់​លោក​មាន​កម្ពស់​ខ្លី​ជាង​ជើង​ខាង​ឆ្វេង​ដល់​ទៅ ១៥ សង់ទីម៉ែត្រ បែប​នេះ​លោក​អាច​បាន​ត្រឹម​ឈរ​ធម្មតា តែ​បើ​ឲ្យ​ហក់​លោត​គឺ​មិន​អាច​នោះ​ឡើយ៕

ប្រភព៖ VolleyballPassion

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT