ជីវិត​ផ្លាស់ប្ដូរ ១៨០ ដឺក្រេ! ពី​ក្មេង​ស្រី​រត់​តុ​ ចុង​ក្រោយ Georgina ​ក្លាយ​ជា​គូស្នេហ៍​របស់​តារា​បាល់ទាត់​លុយ​វាល់​លាន

Georgina Rodriguez ​កំពុង​ធ្វើ​ឲ្យ​នារី​ជា​ច្រើន​ក្នុង​លោក មាន​ការ​ច្រណែន​នឹង​វាសនា​របស់​នាង ​ក្រោយ​ពី​បាន​ក្លាយ​ជា​គូស្នេហ៍​និង​អាច​ជា​នារី​ចុង​ក្រោយ ក្នុង​បេះដូង​របស់​តារា​បាល់ទាត់​ឆ្នើម Cristiano Ronaldo។

ប៉ុន្តែ​ធាតុ​ពិត​វា​មិន​ដូច​អ្វី​ដែល​អ្នក​គិត​ទាំង​ស្រុង​នោះ​ទេ ហើយ Georgina ក៏​មិនមែន​ជា​កូន​អ្នក​ធូរធារ​មាន​ទ្រព្យ​ស្តុកស្តម​អ្វី​ដែរ មុន​ទទួល​បាន​ជីវិត​ដ៏​ស្រស់បំព្រង​នៅ​ថ្ងៃ​នេះ។ តើ​អ្នក​ដឹង​ទេ​ថា ​ស្រ្តី​កូន​កាត់​អាហ្សង់ទីន-អេស្ប៉ាញ​រូប​នេះ ​ធ្លាប់​ជា​នារី​រត់​តុ ហើយ​កំព្រា​ម្តាយ និង​ឪពុក​ត្រូវ​ជាប់​ពន្ធនាគារ?

Georgina Rodriguez កើត​នៅ​ទីក្រុង Jaca ប្រទេស​អេស្ប៉ាញ ដែល​មាន​ម្តាយ​ជា​ជនជាតិ​អេស្ប៉ាញ និង​ឪពុក​ជា​ជនជាតិ​អាហ្សង់ទីន។ នាង​កើត​នៅ​ថ្ងៃ​ទី ២៧ ​មករា ឆ្នាំ ១៩៩៤ ហើយ​តាំង​ពី​តូច​មក Georgina មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​រាំ​របាំ​បាឡេ​ដ៏​ល្បីល្បាញ​មួយ​រូប។ ប៉ុន្តែ​ដោយសារ​ជីវភាព​ខ្វះខាត ​នាង​ក៏​បាន​សម្រេច​ចិត្ត​ទុក​ក្តី​ស្រមៃ​នោះ​មួយ​ឡែក​សិន ហើយ​បង្វែរ​មក​រៀន​ជំនាញ​អ្នក​រចនា​ម៉ូត ឬ Fashion Design។

អ្វី​ដែល​ Georgina ចង់​ធ្វើ ចង់​បាន តែងតែ​ទទួល​បាន​ការ​រាំងស្ទះ សឹង​តែ​ពេល​ខ្លះ​នាង​ចង់​បោះបង់​ចោល​គ្រប់​យ៉ាង ជា​ពិសេស​នៅ​ពេល​ដែល​ម្ដាយ​របស់​នាង​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​ ២០១១ ​ពេល​នាង​មាន​អាយុ ១៧ ឆ្នាំ ហើយ​ឪពុក​របស់​នាង​ជាប់​ពន្ធនាគារ​ពី​បទ​ជួញដូរ​សារធាតុ​កូកាអ៊ីន​ខុស​ច្បាប់ (បញ្ជាក់៖ លោក​ត្រូវ​បាន​ដោះលែង​នៅ​ឆ្នាំ ២០១៣)។

ប៉ុន្តែ​ដោយសារ​ឆន្ទៈ​រឹងមាំ Georgina នៅ​តែ​ពុះពារ​ប្រើ​គ្រប់​វិធី​ដើម្បី​រក​លុយ​ចិញ្ចឹម​ខ្លួន​ឯង​និង​ផ្គត់ផ្គង់​ការ​សិក្សា​ទាំង​ស្ថិត​នៅ​ស្រករ​អាយុ​ដែល​យុវនារី​ភាគ​ច្រើន​កំពុង​ពេញ​សប្បាយ​រីករាយ។ ​ការងារ​ដំបូង​របស់​នាង​គឺ​ជា​នារី​រត់​តុ​នៅ​អាហារដ្ឋាន​មួយ ដើម្បី​បាន​លុយ​ទុក​ចិញ្ចឹម​ក្រពះ ហើយ​កន្លង​ផុត​មួយ​រយៈ​នាង​បាន​សម្រេច​ចិត្ត​ផ្ទេរ​មក​រស់នៅ​ក្នុង​ទីក្រុង​ឡុង ចក្រភព​អង់គ្លេស ជា​អ្នក​មើល​ថែ​ក្មេង​តាម​ផ្ទះ ​និង​ឆ្លៀត​ពេល​នោះ​ដើម្បី​ក្រេបជញ្ជក់​ឲ្យ​ខ្លួន​ចេះ​ប្រើប្រាស់​ភាសា​អង់គ្លេស។

រំលង​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ ​ស្រី​ស្អាត​សម្បុរ​ស្រអែម​បាន​វិល​ត្រលប់​មក​ប្រទេស​កំណើត ​និង​ក្លាយ​ជា​មនុស្ស​ថ្មី​មួយ​ផ្សេង​ទៀត ដោយ​បម្រើ​ការ​ជា​បុគ្គលិក​ផ្នែក​លក់ ​នៅ​ឯ​ហាង​យីហោ​ល្បី​ឈ្មោះ Gucci ក្នុង​ទីក្រុង​ Madrid ​ប្រទេស​អេស្ប៉ាញ។ លុះ​ដល់​ឆ្នាំ ២០១៦ គឺ​ជា​ឆ្នាំ​ដែល​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​នាង ទៅ​កាន់​ពិភព​ស្រស់បំព្រង​ថ្មី​មួយ​ផ្សេង​ទៀត ដោយ​មាន​ថ្ងៃ​មួយ​នោះ​តារា​បាល់ទាត់​ល្បី​ឈ្មោះ Cristiano Ronaldo បាន​ចូល​មក​ក្នុង​ហាង​ Gucci ហើយ​ស្នេហា​កាំរន្ទះ​ក៏​បាន​កើត​ឡើង។ ត្រង់​នេះ​អាច​ថា​ជា​សំណាង គួប​ផ្សំ​នឹង​សម្រស់​ដ៏​ស្រស់​ស្អាត​របស់ Georgina ​ដែល​រុញ​ឲ្យ Ronaldo ​ដក​ចិត្ត​មិន​រួច​ពី​នាង ហើយ​ប្រកាស​ពី​ការ​ណាត់​ជួប​ជា​សាធារណៈ​មួយ​នៅ​ចុង​ឆ្នាំ ២០១៦។

មក​ទល់​ពេល​បច្ចុប្បន្ន Georgina បាន​ក្លាយ​ជា​ម្តាយ​របស់​កូន​ទាំង ៤ ហើយ​មាន​មួយ​ឈ្មោះ Alana Martina ​គឺ​ជា​កូន​បង្កើត​របស់​នាង​ដែល​កើត​នៅ​ឆ្នាំ ២០១៧។

ជីវិត​របស់​នាង​បាន​ផ្លាស់ប្ដូរ ១៨០ ដឺក្រេ ​ក្រោយ​ការ​ខិតខំ​ប្រឹងប្រែង​អស់​រយៈ​ពេល​ជាង ១០ ឆ្នាំ ​ទីបំផុត​ក្នុង​ពេល​នេះ​នាង​ត្រៀមក្លាយជាអនាគតភរិយារបស់ Ronaldo ដែលមានទ្រព្យច្រើនជាង ១ ពាន់លានដុល្លារ និងអាជីពរបស់នាងផ្ទាល់គឺ​ជា Influencer ល្បី​ឈ្មោះ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ដែល​រក​បាន​ចំណូល​ខ្ទង់​លាន​ដុល្លារ ហើយ​ក៏​ជា​តារា​ម៉ូដែល និង​បាន​បំពេញ​ក្តី​ស្រមៃ​កាល​ពី​នៅ​តូច​នោះ​គឺ​ក្លាយ​ជា​នារី​រាំ​របាំបាឡេ​ដ៏​ស្រស់​ស្អាត។

ពាក្យ​បំផុស​ទឹកចិត្ត​មួយ​ដែល Georgina បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​របស់​នាង គឺ​ថា៖ “ត្រូវ​ជឿជាក់​លើ​ខ្លួន​អ្នក​និង​ឥទ្ធិពល​នៃ​ការ​ខិតខំ​របស់​អ្នក ហើយ​ត្រូវ​ចាំ​ថា​ជីវិត មិនមែន​ជា​ការ​ប្រណាំងប្រជែង​គ្នា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​គឺ​ជា​ដំណើរ​ផ្សងព្រេង​ដ៏​វែងឆ្ងាយ ដែល​អ្នក​ត្រូវ​ហែលកាត់​និង​រៀន​សូត្រ​នូវ​រឿង​ជា​ច្រើន ដើម្បី​ឲ្យ​គ្រួសារ​និង​សង្គម​ជាតិ​មាន​មោទនភាព​ជាមួយ​អ្នក”៕

ប្រភព៖ TheSun | OhMyGoal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT