កំណត់ត្រា​ធំៗ ៥ ដែល Ronaldo/Messi មិន​ទាន់​បំបែក​បាន​នៅ​ Champions League

ក្លឹប Juventus ដែល​មាន​តារា​ឆ្នើម Cristiano Ronaldo និង​ក្លឹប Barcelona ដែល​មាន​តារា​ឆ្នើម Lionel Messi សុទ្ធ​សឹង​តែ​បាន​ជាប់​ឈ្មោះ​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ UEFA Champions League រដូវ​កាល ២០២០/២១។

ដើម្បី​ក្លែម​ញាំង​ឲ្យ​ការ​ទស្សនា​របស់​អ្នក​កាន់​តែ​ជក់ចិត្ត​ដិត​អារម្មណ៍ ​អ្នក​គាំទ្រ​គួរ​តែ​បាន​ដឹង​នូវ​ស្ថិតិ​និង​កំណត់ត្រា​មួយ​ចំនួន ដែល CR7/M10 ​មាន​ឱកាស​អាច​បំបែក​បាន​នៅ​ខាង​មុខ។ តាម​របាយការណ៍​ពី UEFA យើង​ធ្វើ​ការ​បង្ហាញ​កំណត់ត្រា​ធំៗ ៥ ដែល​អ្នក​ទាំង​ពីរ​មិន​ទាន់​អាច​ធ្វើ​បាន៖

៥) ការ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ

កំណត់ត្រា​នេះ​នៅ​បន្ត​គ្រោង​ដោយ​អតីត​ជើង​ចាស់​របស់ Real Madrid គឺ​លោក Alfredo Di Stefano និង Ferenc Puskas ដែល​រក​បាន ៧ គ្រាប់។ ក្រឡេក​ទៅ Messi មាន​តែ ២ គ្រាប់​ប៉ុណ្ណោះ នោះ​គឺ​នៅ​ឆ្នាំ ២០០៩ និង ២០១១ ហើយ Ronaldo មាន ៤ គ្រាប់​នៅ​ឆ្នាំ ២០០៨, ២០១៤ និង ២០១៧ ចំនួន​ពីរ​គ្រាប់។

៤) ការ​បង្ហាញ​ខ្លួន​ច្រើន​បំផុត

នៅ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប Champions League ​អ្នក​ដែល​បង្ហាញ​ខ្លួន​ច្រើន​បំផុត នោះ​គឺ Iker Casillas ដែល​មាន​ដល់​ទៅ ១៧៧ ប្រកួត ​រី​ឯ Cristiano Ronaldo គិត​ត្រឹម​បញ្ចប់​វគ្គ​ចែក​ពូល បង្ហាញ​ខ្លួន​បាន ១៧៤ ប្រកួត និង Messi ​បាន ១៤៧ ប្រកួត។ កំណត់ត្រា​នេះ​សម្រាប់​កីឡាករ​ព័រទុយហ្គាល់​អាច​នឹង​ធ្វើ​បាន​នៅ​ឆ្នាំ​ក្រោយ ២០២១។

៣) ឈ្នះ​ពាន​នៅ​ក្រុម​ច្រើន​ផ្សេង​ពី​គ្នា

អតីត​កីឡាករ Calrence Seedorf គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ឈ្នះ​ពាន​រង្វាន់ Champions League នៅ​ក្រុម ៣ ផ្សេង​ពី​គ្នា ដោយ​មាន​កាល​នៅ Ajax, Real Madrid និង AC Milan។ សម្រាប់ Ronaldo ឈ្នះ​បាន ២ លើក​ហើយ​ពេល​នៅ​ Man Utd និង Real Madrid ដោយ​រង់ចាំ​តែ​ជាមួយ Juventus មួយ​ទៀត​ប៉ុណ្ណោះ ហើយ Messi ដែល​ឈរ​ជើង​នៅ​ក្លឹប​ទោល Barcelona ​ប្រហែល​ជា​ពិបាក​ក្នុង​ការ​ប្រជែង​កំណត់ត្រា​នេះ។

២) កីឡាករ​រក​បាន​គ្រាប់​បាល់​ទាំង​ស្ថិត​នៅ​វ័យ​ចំណាស់​បំផុត

ត្រលប់​ទៅ​ខែ​តុលា ឆ្នាំ ១៩៨៨ ​នៅ​ការ​ប្រកួត​រវាង Werder Bremen និង Dynamo Berlin កីឡាករ​ជើង​ចាស់​លោក Manfred Burgsmuller បាន​រក​គ្រាប់​បាល់ ទាំង​ស្ថិត​នៅ​វ័យ ៣៨ ឆ្នាំ និង ២៩៣ ​ថ្ងៃ ដោយ​កាល​នោះ​គឺ Champions League នៅ​មាន​ឈ្មោះ​ជា European Cup។ ចំពោះ​កំណត់ត្រា​នេះ Ronaldo អាច​ធ្វើ​បាន នៅ​ក្រោយ​ថ្ងៃ​ទី ២២ ​វិច្ឆិកា ឆ្នាំ ២០២៣ និង Messi ​ក្រោយ​ថ្ងៃ​ទី ១៣ ​មេសា ឆ្នាំ ២០២៦ ហើយ​មិន​ថា​វគ្គ​ណា​ក៏​ដោយ ឲ្យ​តែ​រក​បាន​គ្រាប់​បាល់។

១) គ្រាប់​បាល់​ប្រើ​ថេរវេលា​តិច​បំផុត
កំណត់ត្រា​គ្រាប់​បាល់​ចាយ​ពេល​រហ័ស​បំផុត នោះ​គឺ​ធ្វើ​បាន​ដោយ​កីឡាករ Roy Makaay នៅ​ឆ្នាំ ២០០៧ ពេល​ Bayern Munich ​លេង​ប៉ះ Real Madrid ហើយ​គេ​ប្រើ​ពេល​ត្រឹម ១០,១២ វិនាទី​ប៉ុណ្ណោះ រាប់​ក្រោយ​ពេល​បាល់​កែ​ចេញ​ពី​ជើង។

សម្រាប់ Ronaldo វិញ គ្រាប់​បាល់​លឿន​បំផុត​គេ​ធ្លាប់​ធ្វើ​បាន ​គឺ​នៅ​ឆ្នាំ ២០១៣ ប្រើ​ពេល ៤ នាទី និង Messi នៅ​ឆ្នាំ ២០១៦ ប្រើ​ពេល ៣ នាទី ខណៈ​ក្រោម ១ នាទី​មិន​ទាន់​ធ្វើ​បាន​នៅ​ឡើយ តែ​ឱកាស​ក៏​នៅ​តែ​មាន ដរាប​ណា​អ្នក​ទាំង​ពីរ​មិន​ទាន់​ចូល​និវត្ត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT